(តេហេរ៉ង់)៖ ឧត្តមនាវីឯកអ៊ីរ៉ង់ លោក ហាប៊ីបូឡាហ៍ សេយយ៉ារី (Habibollah Sayyari) បាន​និយាយថា ទីក្រុងតេហេរ៉ង់​នឹងមិនអនុញ្ញាត​ឱ្យនាវាចម្បាំង​អាមេរិក​ចូលមកក្បែរដែនទឹក​របស់ខ្លួនជា​ដាច់ខាត ហើយលោក​ក៏ព្រមានដែរថា កងទ័ពអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ​ក្នុងការ​ប្រឈមមុខ​ជាមួយ​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។

លោក Sayyari ធ្វើការកត់​សម្គាល់ដូចខាងលើ​នៅថ្ងៃចន្ទ​សប្ដាហ៍នេះ អំឡុងពេល​លោកធ្វើការពន្យល់ អំពីរបៀបធ្វើប្រតិកម្មឆ្លើយតបរបស់កង​នាវា​​អ៊ីរ៉ង់ ចំពោះនាវា​ផ្ទុក​យន្ដហោះចម្បាំង​អាមេរិក យូអេសអេស ចន ស្ទេននីស (USS John C. Stennis) ដែលកំពុង​មានវត្តមាននៅក្នុងតំបន់​ឈូងសមុទ្រ​ពែក្យ។

នាឱកាសនោះ​នាយឧត្តមនាវីឯក​រូបនេះបានឡើងយ៉ាងដូច្នេះថា «ប្រតិកម្ម​ឆ្លើយតបរបស់​កងទ័ព និងកងនាវា​អ៊ីរ៉ង់នោះគឺយើងនឹងមិន អនុញ្ញាត​ឱ្យនាវាចម្បាំងអាមេរិក​ ចូលមកក្បែរដែន​ទឹករបស់យើង​ជា​ដាច់ខាត»។ លោក Sayyari បន្ថែម​ទៀតថា វត្តមាន​នាវាចម្បាំង អាមេរិក​មិនអាចបង្កការគម្រាម​កំហែងធំដុំអ្វីដល់​អ៊ីរ៉ង់នោះទេ ដ្បិតអ៊ីរ៉ង់មាន​សមត្ថភាពគ្រប់គ្រាន់​ក្នុងការចាត់វិធានការ​ឆ្លើយតប។

គួរបញ្ជាក់ថា បច្ចុប្បន្ន​នាវាផ្ទុក​យន្ដហោះ​ចម្បាំង​អាមេរិក USS John C. Stennis កំពុងមានវត្តមាន​នៅក្នុងតំបន់ឈូងសមុទ្រ​ពែក្យ ក្រោយអ៊ីរ៉ង់ព្រមានបិទច្រកសមុទ្រ ហ័រមូស (Hormuz)។ ចំណែកឯ​ក្រុមអ្នកជំនាញ​ខ្លះក៏បានព្រមានដែរថា បើសិនជា​ទីក្រុងតេហេរ៉ង់បិទច្រក​សមុទ្រនេះមែន នោះជម្លោះ​យោធាដោយផ្ទាល់​រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក​អាចនឹងផ្ទុះឡើង​ក៏ថាបាន ខណៈអ៊ីស្រាអែល​បាន​ព្រមានថា នឹងប្រើប្រាស់​គ្រប់វិធានការ​ទំាងអស់ ក្នុងនោះរួមមាន​ទាំងកម្លាំងយោធា ក្នុងករណីអ៊ីរ៉ង​រើសយកផ្លូវមរណៈដោយបិទច្រកសមុទ្រ​យុទ្ធសាស្ត្រដ៏​សំខាន់មួយ​នេះ៕