(កំពង់ធំ)៖​​ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងលោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា និងសហការី បានចូលរួមចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៩១៣គ្រួសារ មាន៧ឃុំ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សកម្មភាពមនុស្សធម៌ ដែលបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង និងឃីដ១កញ្ចប់។

លោកស្រី ហួន ច័ន្ទបូរ៉ា បានលើកឡើងថា ការចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមនេះ មិនមែនជាលើកទី១នោះទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀង ក្នុងនោះមាន ស្ត្រីមេម៉ាយ ស្ត្រីផ្ទុកមេរោគអេដស៍ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ និងប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក ដោយមិនសំដៅ ទៅលើប្រជាពលរដ្ឋទូទៅឡើយ។

លោកស្រីបន្ថែមទៀតថា នេះគឺជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្រ របស់សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ «ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម” ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា បូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជន ជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៉ីវិល។

លោក សុខ លូ បាននាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេច
ទំាងទ្វេ តែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅគ្រប់ទីន្លែង ដោយមិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

លោកបន្ថែមទៀតថា ការចែកអំណោយមនុស្សធម៌នេះ គឺស្របទៅនឹងការអនុវត្តវិស័យស្នូលទំាងបួន ដើម្បីឲ្យមានភាពកាន់តែប្រសើឡើង ធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តទិសយុទ្ធសាស្ត្រ ២០១១-២០២០ របស់ថ្នាក់ជាតិ ឲ្យទទួលបានជោគជ័យ ស្របតាមសូចនាករ និងគោរពគោលការគ្រឹះទំាងប្រាំពីរ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព។

ក្នុងនោះដែរលោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព រស់នៅមានអនាម័យ ត្រូវបរិភោគទឹកដាំពុះ គេងក្នុងមុង និងមិនត្រូវសេពគ្រឿងស្រវឹងក្នុងពេលបើកបរ ដើម្បីចៀសវាងគ្រោះថ្នាក់ យថាហេតុ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ៕