(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ​ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ​ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារកាកបាទក្រហមកម្ពុជា ចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យទាំង១១គ្រួសារ នៅសង្កាត់ផ្សារចាស់។

គ្រោះអគ្គិភ័យលើគ្រួសាររងគ្រោះទាំង១១គ្រួសារខាងលើ បានកើតឡើងនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូន ក្នុងមួយគ្រួសាររួមមាន៖ អង្ករ​ ០១​បាវ​ ចានដែកធំ១​ កំសៀវ១​ ចានស្រាក់១​ វែកសម្ល១​ វែកឆា១​​ ផ្តិល១​ ទឹកត្រី១យួរ​ ទឹកស៉ីអ៉ីវ១យួរ​ ឆ្នាំង១​ មី១កេះ​ ស្ករសរ​ តែ​ កន្ទេល១​ ខ្ទះឆា១​ និងថវិកា​របស់លោកអភិបាល​ ៤០,០០០រៀល,​ របស់សាខាកាកបាទក្រហម​ ២០,០០០រៀល,​ ម្ចាស់ហាងលក់ពេជ្រលោកស្រី​ អ៉ឹង​ មុយគៀង​ ៥០០,០០០រៀល,​ អភិបាលស្វ័យយ័តផ្សារធំថ្មី​ ៣០,០០០រៀល,​ ប្រធានផ្សារកណ្តាល​ ២០,០០០រៀល,​ ប្រធានផ្សារចាស់​ ១០,០០០រៀល និង​លោកប្រធានភូមិបាលខណ្ឌដូនពេញ​ ១០,០០០រៀល សរុបថវិកាដែលត្រូវទទួលបានក្នុង០១គ្រួសារ សម្រាប់ព្រឹកនេះ​គឺមានចំនួន​ ៦៣០,០០០រៀល៕