(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានលើកឡើងថា ការជួយប្រជាពលរដ្ឋខ្មែររងគ្រោះ របស់អង្គការមូលនិធិពុទ្ធសាសនា ឆឺជីប្រចាំកម្ពុជា គឺបង្ហាញពីការចែករំលែកគ្នាក្នុងគ្រាជួបការលំបាក។

លោក ពេជ្រ កែវមុនី បានថ្លែងបែបនេះ នៅក្នុងពិធីចែកអំណោយ ដល់ប្រជាពលរដ្ឋក្រីក្រ មកពីសង្កាត់ទាំង៧ នៅក្នុងខណ្ឌមានជ័យ ចំនួន៨៥៣គ្រួសារ ស្ថិតនៅបរិវេណរដ្ឋបាលខណ្ឌ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ។

នៅក្នុងឱកាសនោះ​ដែរ លោក ពេជ្រ កែវមុនី ក៏បានថ្លែងអរគុណដល់អង្គការមូលនិធិពុទ្ធសាសនាឆឺជីប្រចាំកម្ពុជា ដែលបាន​ចំណាយធនធាន​ និងពេលវេលាអញ្ជើញចូលរួមនៅក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រមកពីសង្កាត់ទាំង៧ នៅក្នុងខណ្ឌមានជ័យចំនួន៨៥៣គ្រួសារ ដែលកំពុងជួប​ការលំបាកនាពេលនេះ។

លោក ពេជ្រ កែវមុនី បានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ គិតគូប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីគ្រជួបការលំបាក ជាពិសេសបងប្អូនដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។

ជាមួយគ្នានោះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ជំនួសមុខឲ្យក្រុមប្រឹក្សាខណ្ឌមានជ័យ និងបងប្អូនប្រជាព​លរដ្ឋទាំង៨៥៣គ្រួសារ សូមថ្លែងអំណរគុណ ចំពោះអង្គការមូលនិធិពុទ្ធសាសនា ឆឺជី ប្រចាំកម្ពុជា ដែលបាន​​ចូលរួមចំណែកចែករំ​លែកការលំបាក និងនាំយកអំណោយ មកចែកជូនប្រជាព​លរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យនាពេលនេះ។

បន្ថែមពីលើនេះ ប្រធា​នអង្គការមូលនិធិពុទ្ធសាសនាឆឺជីប្រចាំកម្ពុជា បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានក្លាយជាចំណែកមួយ ជួយដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងជួយគ្នាទៅវិញទៅមក។

ប្រធា​នអង្គការរូបនេះ បានបន្ថែមថា អង្គការមូលនិធិពុទ្ធសាសនាឆឺជីប្រចាំកម្ពុជា បង្លើតឡើងគឺក្នុងគោលបំណងជួយដល់អ្នកមានទុក្ខលំបាក និងដើម្បីជាការជួយគ្នាទៅវិញទៅមក ក្នុងនាមជាមនុស្សដោយមិនប្រកាន់សាសនា ពណ៌សម្បុសឡើយ។

គួរបញ្ជាក់ថា នេះជាលើកទី១១​​​​​​​​​​​​​​​ហើយ ដែលសាលាខណ្ឌមានជ័យ បានសហការជាមួយអង្គការមូលនិធិពុទ្ធសាសនាឆឺជី ​ប្រចាំនៅកម្ពុជា ចុះចែកអំណោយជូន​ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យនៅខណ្ឌមានជ័យ៕