(កោះកុង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មុនពេលចេញដំណើរចាកចេញពីខេត្តកោះកុង ទីដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមបើកពិធីបុណ្យសមុទ្រនៅយប់មិញនោះ, នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ សម្តេចតេជោបានអំពាវនាវដល់ជនរួមជាតិ ចូលរួមថែរក្សាការពារសម្បត្តិធនធានធម្មជាតិ និងបរិស្ថានឲ្យបានល្អស្រស់ស្អាតគង់វង្ស ដើម្បីទាក់ទាញបានភ្ញៀវទេសចរ ឲ្យមកទស្សនាកម្ពុជាឲ្យកាន់តែច្រើន។

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កូនក្មួយយុវជន អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចូលរួមថែរក្សាការពារសម្បត្តិធនធានធម្មជាតិ និងបរិស្ថានឲ្យនៅស្រស់ស្អាតគង់វង្ស បានល្អសម្រាប់ពលរដ្ឋយើងគ្រប់ជំនាន់ និងដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនឡើង ដើម្បីពលរដ្ឋយើងសម្បូរការងារធ្វើ និងប្រទេសជាតិរីកចម្រើន»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃទី១៦ ខែធ្នូនេះ សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវវិលត្រឡប់ទៅភ្នំពេញវិញហើយ។ សម្តេចក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយរីករាយ​ នៅក្នុងពិធីបុណ្យសមុទ្រ នៅកោះកុងជាបន្តទៀត ដែលថ្ងៃទី១៦ ខែធ្នូនេះ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យសមុទ្រផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណក្រសួងទេសចរណ៍ និងអាជ្ញារធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូក្រុមហ៊ុនឯកជន អង្គការជាតិនិងអន្តរជាតិនានា ដែលបានចូលរួមសហការរៀបចំបុណ្យសមុទ្រនៅខេត្តកោះកុងបានល្អ និងទទួលបានជោគជ័យ។ សម្តេចចាត់ទុកថា ជាមោទនៈភាពរបស់ប្រទេសជាតិ ដែលកម្ពុជាមានឆ្នេរជាប់លំដាប់ថ្នាក់ជាឆ្នេរល្អបំផុតរបស់ពិភពលោក ហើយច្បាស់ណាស់ សន្តិភាព គឺបានផ្តល់ឱកាសឲ្យកម្ពុជា ធ្វើការអភិវឌ្ឍប្រទេសជាតិទៅមុខកាន់តែលឿន។

សម្តេចតេជោ ហ៊ុន សែន ក៏មិនភ្លេចជូនពរបងប្អូនជនរួមជាតិ និងយុវជន យុវនារី បានសប្បាយរីករាយថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នាផងដែរ៕