(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាល៨នាក់ និងរបួសធ្ងន់១២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១២គ្រឿង, រថយន្ដធំ១គ្រឿង, រថយន្ដតូច៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១៤៦លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន៦៨នាក់, របួសធ្ងន់១២៩នាក់ និងរបួសស្រាល៦០នាក់៕