(កោះកុង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបើកដំណើរការជាផ្លូវការ នូវពិធីបុណ្យសមុទ្រលើកទី៧ នៅក្នុងខេត្តកោះកុង។ ក្នុងពិធីដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីប្រធានក្លឹបឆ្នេរស្អាតលើពិភពលោក ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលមកពីតាមក្រសួងស្ថាប័ន ដោយមានការបង្ហាញជូនផ្ទាំងទស្សនីយភាពសិល្បៈយ៉ាងសម្បូរបែបផងដែរ។

ពិធីបុណ្យសមុទ្រលើកទី៧ ជុំទីពីរនៅក្នុងខេត្តកោះកុងឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងភរិយា មានសេចក្តីសោមនស្សរីករាយជាខ្លាំង​ ដែលបានចូលរួមបើកពិធីបុណ្យសមុទ្រជាលើកទី៧ នៅក្នុងខេត្តកោះកុង។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចូលរួមពិធីបុណ្យសមុទ្រជាយន្តការត្រួតពិនិត្យពីវឌ្ឍនភាពនៃខេត្តដែលជាម្ចាស់ផ្ទះបុណ្យសមុទ្រ និងជាការរំលឹកដាស់តឿនចំពោះអ្នកទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់មូលដ្ឋាន។

* សម្តេចតេជោ ហ៊ុន សែន បន្តថា ពិធីបុណ្យសមុទ្រក៏ជាការបង្ហាញ និងបង្កើនសាមគ្គីភាព និងទាក់ទាញប្រជាពលរដ្ឋនៅគ្រប់បណ្តាខេត្តមកលេងខេត្តប្រារព្ធពិធីបុណ្យសមុទ្រ។ ជាក់ស្តែងក្នុងពិធីបុណ្យនេះមិនមែនមានតែប្រជាពលរដ្ឋខេត្តកោះកុងទេ មានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តដទៃទៀត រហូតខ្វះបន្ទប់ស្នាក់នៅ។

* សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា បុណ្យសមុទ្រនេះក៏ជាឱកាសនៃការចូលរួមថ្នាក់ដឹកនាំក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត រួមនឹងបណ្តាប្រទេសសមាជិកដទៃទៀត បញ្ជូនគណៈប្រតិភូចូលរួមផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់គណៈកម្មការរៀបចំបុណ្យសមុទ្រ ដែលបានខិតខំរៀបចំពិធីបុណ្យនេះឲ្យបានប្រព្រឹត្តទៅបានល្អប្រសើរ។ សម្តេចតេជោ បានថ្លែងថា ថ្ងៃនេះពិតជារីករាយដែលខេត្តកោះកុងដែលដាច់ស្រយាល និងឯកោពីអតីតកាល បានទាក់ទាញក្រុមហ៊ុនជាច្រើនមកកាន់ខេត្តមួយនេះក្នុងឱកាសបុណ្យសមុទ្រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់លោក ថោង ខុន ដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំពិធីបុណ្យសមុទ្រប្រកបដោយជោគជ័យ។

* សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងកងវិស្វកម្មកងយោធពលខេមរភូមិន្ទ ដែលបានប្រឹងប្រែងជួសជុលផ្លូវជាតិលេខ៤៨ ឲ្យហើយទាន់ពេលវេលាសម្រាប់រៀបចំពិធីបុណ្យសមុទ្រ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃខាងមុខនឹងរៀបចំឲ្យមានការប្រណាំងកង់អាជីពកម្រិតអន្តរជាតិប្រចាំឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកោះកុងបានរងនូវការលំបាកដោយសារភ្លើងសង្គ្រាម និងវិបត្តិនយោបាយ ដែលជារឿងដ៏សែនខ្លោចផ្សា។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានយកដើមទ្រូង ដើម្បីការពារ និងរំដោះយកខេត្តកោះកុង។ សម្តេចតេជោ បានថ្លែងថា សម្តេចមិនចង់ឲ្យអ្នកកោះកុងមានភាពកម្សត់ដូចអតីតកាលទៀតនោះទេ។

* សម្តេចនាយករដ្ឋមន្ត្រីថា ខេត្តកោះកុងមានប្រភពធនធានយ៉ាងច្រើន ជាក់ស្តែងខេត្តជាច្រើនកំពុងប្រើប្រាស់ថាមពលអគ្គិសនីពីខេត្តកោះកុង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ធ្លាប់បានស្នើឲ្យមានការវិនិយោគយកទីតាញ៉ូម នៅក្នុងស្រុកជីផាត ខេត្តកោះកុង ដែលមានតម្លៃប្រមាណ ២២ពាន់លានដុល្លារ។ តែដើម្បីបានទីតាញ៉ូមត្រូវចំណាយព្រៃឈើប្រមាណ ២ម៉ឺនហិកតាជាជម្រកសត្វព្រៃ និងផលប៉ះពាល់ផ្សេងទៀត ជាពិសេសការហូរដីចូលសមុទ្រ។ ព្រោះតែបែបនេះហើយទើប សម្តេចសម្រេចមិនធ្វើការវិនិយោគលើការរុករកទីតាញ៉ូមនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការជំរុញឲ្យមានការវិនិយោគរុករកទីតាញ៉ូមនេះ មានការលើកឡើងជាថ្មីម្តងទៀត តែត្រូវបានសម្តេចបដិសេធជាថ្មីម្តងទៀត។ សម្តេចតេជោ បានថ្លែងថា សម្តេចទុកឲ្យយុវជនជំនាន់ក្រោយជាអ្នកពិចារណា ក្រែងគេមានវិធីក្នុងការយកទីតាញ៉ូម ដោយមិនបំផ្លាញព្រៃ និងបង្ហូរដីចូលសមុទ្រ។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តកោះកុងសម្បូរណ៍ដោយអេកូទេសចរណ៍ ដូច្នេះត្រូវធ្វើយ៉ាងម៉េចឲ្យមានការទាក់ទងគ្នាលើវិស័យទេសចរណ៍ ជាមួយវិស័យសេវាកម្ម និងឧស្សាហកម្ម។

* សម្តេចតេជោ បានបញ្ជាក់ថា កសិកម្មឆ្នាំទៅមានប្រមាណ ២៥ភាគរយសម្រាប់ចំណូលសេដ្ឋកិច្ចជាតិ តែបច្ចុប្បន្ននៅសល់អត្រា ២៣.៥ភាគរយ, ឧស្សាហកម្មឆ្នាំទៅ ៣០ភាគរយ តែបច្ចុប្បន្នឡើងមកដល់ ៣២.៤ភាគរយ ក្រៅពីនោះបានមកពីវិស័យសេវា និងវិស័យផ្សេងៗទៀត។

* សម្តេចតេជោ ហ៊ុន សែន មានភ្ញៀវទេសចរប្រមាណ ៨០ម៉ឺននាក់ បានមកលេងកម្សាន្តនៅតំបន់ឆ្នេរ ដែលមានប្រវែង ៤៤០គីឡូម៉ែត្រ លាតសន្ធឹងពីព្រំដែនថៃដល់វៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា ខេត្តកោះកុង អាចក្លាយជាខេត្តតំបន់ឆ្នេរទទួលបានភ្ញៀវច្រើនជាងគេ ឬលំដាប់លេខ២ ក្រោយពេលតំបន់អភិវឌ្ឍន៍តារាសាគរ ត្រូវបានអភិវឌ្ឍន៍រួចរាល់ រួមទាំងការបង្កើតឲ្យមានព្រលានយន្តហោះផង។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា គ្មានការអភិវឌ្ឍណាមួយ ដោយគ្មានការអភិរក្ស និងមានការបំផ្លិចបំផ្លាញហៅថាការអភិវឌ្ឍដោយចេរភាពនោះឡើយ។

* សម្តេចតេជោ បានមានប្រសាសន៍ថា វត្តមានជាអចិន្ត្រៃយ៍នៃសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ មិនមានការវាយប្រហារអំពើភេរវកម្ម ដែលត្រូវរួមគ្នារក្សាការពារឲ្យបាន ដើម្បីធានាថា ប្រទេសនេះគ្មានភ្លើងសង្គ្រាម។ សម្តេចសង្ឃឹមថា ប្រជាពលរដ្ឋម្នាក់ជានគរបាលម្នាក់ ដើម្បីជួយការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់។ បើគ្មានសន្តិភាព ស្ថេរភាពនយោបាយទេ កុំសង្ឃឹមថា នឹងមានអ្នកទេសចរ ឬឈានទៅសម្រេចគោលដៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ឬជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចបន្តថា សូមសំឡឹងមើលប្រទេសកំពុងមានសង្គ្រាម តើមានអ្នកទេសចរទៅលេងកម្សាន្តដែរឬទេ?

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា មិនត្រូវអត់ឱនឲ្យជនណាម្នាក់ដែលចង់មកបំផ្លាញសុខសន្តិភាពរបស់កម្ពុជានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវរក្សាឲ្យបានសមុទ្របៃតង និងកិត្តិនាជាតារារះនៅភាគនិរតី និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍបែបអេកូទេសចរណ៍ដូចតារាសាគរ ដោយមិនមានការកាប់បំផ្លាញព្រៃឈើ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អេកូទេសចរណ៍មិនតម្រូវឲ្យមានការកាប់បំផ្លាញព្រៃឈើនោះទេ តែវាបានទទួលប្រយោជន៍ពីវិស័យទេសចរណ៍នេះច្រើនជាងវិស័យកសិកម្ម និងការពារព្រៃបានថែមទៀតផង។

* សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យរួមគ្នាទប់ស្កាត់ការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រ

* សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឲ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីថោង ខុន រដ្ឋមន្ត្រី សាយ សំអាល់ រួមគ្នាដោយម៉ឹងម៉ាត់ ដើម្បីធានាថា គ្មានការបង្ហូរទឹកកខ្វក់ចូលសមុទ្រនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើអភិវឌ្ឍន៍នៅលើគោកហើយបែរជាទៅបំផ្លាញនៅក្នុងសមុទ្រតើមានប្រយោជន៍អ្វី?

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កន្លងទៅមានសំណើយកសំរាមមកដុតលើកោះនៅកម្ពុជា ដើម្បីផលិតជាថាមពលអគ្គិសនី តែត្រូវបានសម្តេចបដិសេធ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា បច្ចុប្បន្នសំរាម និងទឹកកខ្វក់ហូរចូលសមុទ្រកាន់តែច្រើនទៅៗ ដែលត្រូវរួមគ្នាការពារឲ្យបាន ដើម្បីធានាភាពស្រស់ស្អាតនៃសមុទ្រខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការហាមចាក់ដីចូលសមុទ្រមិនមែនហាមឃាត់ទាំងអស់នោះទេ កន្លែងខ្លះក៏ត្រូវមានការអនុញ្ញាតឲ្យមានរៀបចំថ្ម ដើម្បីទប់រលកបង្កើតទៅជាឆ្នេរសម្រាប់លេងកម្សាន្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគាំទ្រឲ្យមានច្បាប់ដាក់ទោសទណ្ឌទៅលើអ្នកដែលចាក់ដីចូលសមុទ្រដោយគ្មានការអនុញ្ញាត។

* សម្តេចតេជោ ជំរុញឲ្យអភិបាលខេត្តព្រះសីហនុ ប្រឹងប្រែងស្តារឡើងវិញនូវកិត្តិនាមរបស់ខេត្តព្រះសីហនុឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមអ្នកលេង Facebook កុំឲ្យយកសម្តីរបស់សម្តេចថាគាំទ្ររបស់ខ្លួន។ សម្តេចចង់បញ្ជាក់ថា ប្រសាសន៍សម្តេចមិនបានគាំទ្រដល់អ្នកលេង Facebook ណាម្នាក់នោះឡើយ នេះជាបទបញ្ជារបស់សម្តេចទៅកាន់អាជ្ញាធរ។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នកលេង Facebook ថា ចង់ធ្វើអីធ្វើទៅ តែកុំយកលេសថាសម្តីសម្តេចគាំទ្រខ្លួន។

* សម្តេចតេជោ បានគូសបញ្ជាក់ថា ការធ្លាក់ចុះនៃចំនួនអ្នកទេសចរនៅខេត្តព្រះសីហនុ មានកត្តាសត្យានុម័ត គឺការមានជម្រើសច្រើនរបស់ប្រជាពលរដ្ឋក្នុងការទៅលេងកម្សាន្ត។ តែក៏មានបញ្ហាអត្តនោម័តផងដែរ គឺបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលត្រូវពង្រឹងឲ្យបានរឹងមាំ ជាពិសេសច្បាប់របស់កម្ពុជា ត្រូវតែបានអនុវត្តន៍ដោយម៉ឹងម៉ាត់គ្រប់មនុស្សទាំងអស់ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាតម្លៃសណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តព្រះសីហនុ គឺជាការអនុវត្តន៍នៃទីផ្សារសេរី ដែលមិនអាចកំណត់បាននោះឡើយ សូម្បីតែនៅទីក្រុងញូវយ៉ក ក៏មានការឡើងចុះនៅពេលមានពិធីសំខាន់ៗផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានចោទសួរហេតុអ្វីបានជាអ្នកលេង Facebook មិនយល់ ហើយទៅវាយប្រហារប្រៀបដូចជាខ្មៅងងឹត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រះសីហនុ ត្រូវខិតខំឲ្យបានខ្លាំងជាងគេ ហើយត្រូវបង្ក្រាបរាល់អ្នកបង្កបទល្មើសនានា ទោះមកពី ខ.ម ឬ ន.ប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឲ្យខិតខំកែលំអរប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់ទាំងប្រព័ន្ធផ្លុវ ភ្លើង និងទឹក សម្រាប់បំពេញសេចក្តីអ្នកទេសចរ។

* សម្តេចតេជោ បានថ្លែងថា ត្រូវខិតខំទប់ស្កាត់កុំឲ្យមានក្រុមប្រព្រឹត្តល្មើសច្បាប់ និងប្រើប្រាស់ថ្នាំញៀននៅតាមឆ្នេរសមុទ្រ។ ពោលកុំធ្វើឲ្យតំបន់ឆ្នេរក្លាយជាជម្រកនៃក្រុមគ្រឿងញៀន ឬក្រុមប្រព្រឹត្តបទល្មើសផ្សេង ជាពិសេសក្រុមភេរវកម្ម។

* សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឲ្យមានការប្រឹងប្រែងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់នៅតាមសណ្ឋាគារ។ សម្តេចតេជោ បានថ្លែងថា ត្រូវយកវិស័យទេសចរទាញយកវិស័យកសិកម្ម និងសិប្បកម្មជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងសាងសង់តភ្ជាប់ពីខេត្តកោះកុង ទៅកាន់ខេត្តពោធិ៍សាត់ និងបាត់ដំបង នឹងធ្វើឡើងនាពេលខាងមុខ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឲ្យមានការប្រឹងប្រែងបន្ថែមទៀតក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវខិតខំការពារឲ្យខានតែបាននូវសុវត្ថិភាពរបស់អ្នកទេសចរធ្វើដំណើរតាមផ្លូវទឹក។

* សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា កោះទាំងអស់ត្រូវដាក់ឲ្យមានការវិនិយោគ ព្រោះនៅតាមបណ្តាប្រទេសនានាគេធ្វើអស់ហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាអាក្រក់ពេកហើយចំពោះការផ្សព្វផ្សាយថាកម្ពុជារៀបចំមូលដ្ឋានកងទ័ពបរទេសនៅតារាសាគរ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ ប្រើទាំងវិស័យស៊ីវិល និងកងទ័ព។ សម្តេចនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាទាំងជើងទឹក និងជើងគោកនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើកម្ពុជាត្រូវការវត្តមានកងទ័ពបរទេសធ្វើអ្វីទៅ ?

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើចង់បានអ្វីពីកម្ពុជាទៀត ក្រៅពីសម្លាប់កម្ពុជាពីអតីតកាលរួចហើយ។ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំកុំឲ្យសម្លាប់ និងធ្វើបាបកម្ពុជាបន្តទៅទៀត។

* សម្តេចតេជោ បានថ្លែងបញ្ជាក់ថា កម្ពុជាមិនត្រូវការវត្តមានកងទ័ពបរទេសនៅកម្ពុជានោះទេ។ សម្តេចតេជោ បានចោទសួរថា ហេតុអ្វីបានអនុប្រធានាធិបតីសរសេរសំបុត្រមកសួរសម្តេចរឿងចោទប្រកាន់ថាកម្ពុជាធ្វើមូលដ្ឋានទ័ពបរទេស។ សម្តេចចាត់ទុកថា អនុប្រធានាធិបតីអាមេរិកទទួលបានព័ត៌មានខុស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដើម្បីការចុះចតយន្តហោះខ្នាតធំ និងពង្រីកព្រលានយន្តនោះនៅកោះកុង ដើម្បីយន្តហោះខ្នាតល្មមចុះចត។

* សម្តេចតេជោ ហ៊ុន សែន បានស្នើទៅប្រទេសដែលមានចេតនាអាក្រក់ចំពោះកម្ពុជាថា កុំបន្តសម្លាប់ប្រជាពលរដ្ឋកម្ពុជាទៅទៀត ទុកឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅបានសុខផង។ តើគួរឲ្យពលរដ្ឋកម្ពុជាស្លាប់បន្តទៅទៀតដែរឬទេ?

* សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា បើទោះបីកម្ពុជាមានលទ្ធភាពកែរដ្ឋធម្មនុញ្ញ ក៏សម្តេចមិនកែដើម្បីផ្តល់លទ្ធភាពឲ្យមានវត្តមានកងទ័ពបរទេសនៅកម្ពុជា ឬមានវត្តមានកងទ័ពកម្ពុជាទៅកាន់ប្រទេសដទៃក្រៅក្របខណ្ឌអង្គការសហប្រជាជាតិនោះឡើយ។

* មុននឹងបញ្ចប់សុន្ទរកថា ដោយសារតែពិធីចំពេលខួបកំណើតរបស់ភរិយានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងជូនពរ និងបានបង្ហាញពីភក្តីស្នេហ៍ដ៏ស្មោះស្ម័គ្រជាមួយភរិយាដែលបានកកើតតាំងពីក្នុងដំណាក់កាលសែនកម្សត់ និងបានអរគុណចំពោះស្នេហ៍ស្មោះរបស់ភរិយាចំពោះសម្តេច និងបានរួមគ្នាតស៊ូរហូតមានស្ថានភាពដូចពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថាវេលាម៉ោង ៨៖៤០នាទីយប់, សូមអរគុណចំពោះការទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់៕