(ភ្នំពេញ)៖ បន្ទាប់ពីច្បាប់ក្នុងកងពលតូចលេខ៧០ ដាក់ហាមមិនឲ្យយោធិននារី រៀបការក្នុងរយៈពេល៣ឆ្នាំ និងរងចាំ៥ឆ្នាំទើបពពោះ ដូចបទចំរៀង «បីឆ្នាំចាំយកប្តី» នោះ យោធិននារីក្នុងកងពលតូចលេខ៧០ បានចូលរួមលេងកីឡាយ៉ាងផុសផុល នាចុង​ឆ្នាំ២០១៨ ក្រោម​ការដាក់ចេញផែនការពី លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ ដែលមិនមែនតែយោធិននារីនោះទេ គឺចូលរួមលេងកីឡាបាល់ទាត់ បាល់ទះ​ទាំងបុរស និងនារី។

យោធិននារីក្នុងកងពលតូចលេខ៧០ បានបញ្ជាក់ថា ការលេងកីឡា និងប្រកួតគ្នា​នាលើកនេះ គឺដើម្បីសុខភាព សាមគ្គីភាព មិត្តភាព ប្រកបដោយភាពយោគយល់ អធ្យាស្រ័យគ្នាទៅវិញ​ទៅមកផងដែរ និងជាពិសេស​សម្រាប់អបអរសាទរព្រឹត្តិការដ៏អស្ចារ្យ នៃខួប២០ឆ្នាំ របស់នយោបាយឈ្នះឈ្នះដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងប្រពឹត្តទៅនៅសល់ប្រមាណតែ២សប្តាហ៍ទៀតប៉ុណ្ណោះ។

យោធិនារី​បានបន្ដថា បើពេលនេះកំពុងមានសង្គ្រាម ការប្រកួតយ៉ាងសប្បាយរីករាយបែបនេះប្រាកដជាគ្មាននោះទេ គឺនឹងគិតតែរត់គេចគ្រាប់ផ្លោងមិនខាន ប៉ុន្តែពេលនេះ​មានសុខសន្តិភាពដោយសារសម្តេចតេជោ ហ៊ុន សែន ភាពសប្បាយរីករាយ ក៏នឹងមានជាបន្តបន្ទាប់សម្រាប់ទាហានបន្តវេន។​

សូមជម្រាបថា ការប្រកួតតង់ទី១ គឺមានយោធិននារីមកពី កងសង្គ្រោះបន្ទាន់ និងពន្លត់អគ្គីភ័យ៧១១, យោធិននារីមន្ទីរកងពល, យោធិននារីនៃកងអនុសេនាធំបន្ទាយស្រី៕