(ព្រះវិហារ)៖ ដើម្បីផ្សារភ្ជាប់ទីផ្សាររវាងអ្នកពាក់ព័ន្ធ និងក្រុមកសិករផលិតក្នុងខេត្ត ក៏ដូចជាស្វែងរកបញ្ហាប្រឈម ដំណោះស្រាយ និងលក្ខខណ្ឌសមស្របជូនប្រជាកសិករនោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំសិក្ខាសាលាមួយ ដោយបានសហការជាមួយអង្កការ Caritas ដោយមានការចូលរួមពីរថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរ ភូមិ ឃុំ ស្រុក តំណាងក្រុមហ៊ុនលក់សម្ភារកសិកម្ម សហគមន៍កសិកម្ម និងដៃគូរអភិវឌ្ឍន៍ជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងថា ក្នុងគោលបំណងលើកស្ទួយកំរិតជីវភាពរបស់បងប្អូនប្រជាកសិករ ក៏ដូចជា ការបង្កើតទំនាក់ទំនងរវាង ក្រុមកសិករផលិត ពាណិជ្ជករ និងអ្នកពាក់ពន្ធ័នានានោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានសហការជាមួយអង្កការ Caritas រៀបចំសិក្ខាសាលាមួយ ដោយមានការចូលរួមពីអ្នកពាក់ពន្ធ័ជាច្រើនរូប។

លោកប្រធានមន្ទីរ បានបន្តថា ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណងលើកកំពស់ផលិតផលសរីរាង្គ និងសុវត្ថិភាពរបស់កសិករ ឲ្យទទួលបានតម្លៃសមរម្យ និងមានទីផ្សារ, ផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកពាក់ព័ន្ធ និងក្រុមកសិករផលិតក្នុងខេត្ត ក៏ដូចជា ស្វែងរកបញ្ហាប្រឈម ដំណោះស្រាយនិងលក្ខ័ខណ្ឌសមស្រប។

សូមបញ្ជាក់ថា សកម្មភាពផ្សេងៗ និងគម្រោងកំពុងអនុវត្តរបស់អង្កការ Caritas រួមមាន៖ ការអភិវឌ្ឍន៍ភូមិ និងសហគមន៍កសិកម្ម និងអាជីវកម្មដើម្បីរកចំណូលទ្រទ្រង់សហគមន៍ ក្រោយពេលដែល Caritas ប្រគល់ការទទួលខុសត្រូវទៅឲ្យសហគមន៍។

លើសពីនេះគឺបានបណ្តុះបណ្តាលសមត្ថភាពរបស់កសិករលើជំនាញកសិកម្ម តាមរយៈវគ្គសិក្សាជាសេរីទៅលើស្រូវ ចិញ្ចឹមសត្វ ដាំបន្លែ ភ្ញាស់ពងមាន់ ផលិតចំណីមាន់ជាដើម ដែលផ្សារភ្ជាប់ជាមួយគោលគំនិត ស្តីពីការបម្សាំស្តីពីការប្រែប្រួលអាកាសធាតុ, ជំរុញទៅលើការផលិតបន្លែសិរីរាង្គដោយអនុលោមតាមគោលការណ៍(ភីជីអេស) ការជំរូញលើការចងបណ្តាញ និងភាពជាដៃគូ ដើម្បីជំរុញឱកាសការផ្សារភ្ជាប់រវាងក្រុមផលិតកម្មនិងដៃគូរអាជីវកម្ម។

និយាយរួម គំរោងរបស់អង្កការ Caritas គឺផ្តោតទៅលើការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងការចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព តាមរយៈការអភិវឌ្ឍន៍កសិកម្មប្រកបដោយចេរភាពការ អភិវឌ្ឍន៍ជំនាញ សហគមន៍ និងអភិវឌ្ឍន៍ជំនួញសហគមន៍ ការកសាងសមត្ថភាពប្រជាពលរដ្ឋក្រីក្រក្នុងការចូលរួម គ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍន៍សហគមន៍ខ្លួនឯង និងការកសាងភាពជាដៃគូរជាមួយស្ថាបន័អ្នកពាក់ពន្ធ័៕