(កំពង់ស្ពឺ)៖ ករណីក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវពីក្រសួងអភិវឌ្ឍន៍ជនបទ បិទផ្លូវរារាំងមិនឲ្យរថយន្តដឹកដីឆ្នងកាត់ ស្ថិតនៅត្រង់ចំនុចភូមិផ្លូវជ្រូក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ចាន់ ដារ៉ុង អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានចេញមកពន្យល់ចំពោះមូលហេតុទាំងឡាយ ដែលនាំឲ្យមានហេតុការណ៍នេះកើតឡើង។

ក្រោយពីបានធ្វើការស្រាវជ្រាវ និងប្រមូលព័ត៌មានលម្អិតរួចមក ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ លោក ចាន់ ដារ៉ុង បានបញ្ជាក់យ៉ាងដូច្នេះថា ករណីបិទផ្លូវនេះបានកើតឡើង រវាងក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវ ពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមអាជីវករដឹកដីសម្រាប់ចាក់ដីឡូមួយកន្លែងក្នុងឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺពិតប្រាកដមែន។

លោកបានបន្តថា ករណីក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវ យករថយន្តម៉ាកតូយ៉ូតាពីរបាំង មកបាំងផ្លូវ គឺដោយសាក្រុមអាជីវករដឹកដីសម្រាប់ចាក់ដីឡូ មិនបានគោរពតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារវាងក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវ ជាមួយក្រុមអាជីវករដឹកដី នៅក្នុងកិច្ចប្រជុំសម្របសម្រួលកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៨ នៅសាលាឃុំសែនដី (ដូចមានបញ្ជាក់ក្នុងឯកសាជូនភ្ជាប់)។ ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវ មិនបានបិទផ្លូវធំដែលធ្វើឲ្យរាំងស្ទះដល់ការធ្វើដំណើររបស់សាធារណៈជននោះទេ គឺគ្រាន់តែបិទមាត់ច្រកផ្លូវតូច សម្រាប់ចូលទៅកាន់រណ្តៅយកដីតែប៉ុណ្ណោះ។ ការបិទផ្លូវនេះគឺធ្វើឡើងក្នុងគោលបំណងស្វែងរក ការសហការពីសំណាក់ក្រុមអាជីវករដឹកដី ដើម្បីសម្រួលដល់ការសាងសង់កំណាត់ខ្សែផ្លូវប្រវែង១១,៥គ.ម (ត្រពាំងស្នួល-អំពិលពាម) ឲ្យសម្រេច ទៅបានតាមបទដ្ឋានបច្ចេកទេសដែលមានចែងក្នុងកិច្ចសន្យាសាងសង់ និងទាន់ពេលវេលាដែលបានកំណត់នៅក្នុងកិច្ចសន្យាជាមួយក្រសួងអភិវឌ្ឍន៍ជនបទតែប៉ុណ្ណោះ។

អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ករណីក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវ បានទាមទារលុយពីក្រុមអាជីវករដឹកដីចំនួន៤.០០០ដុល្លារ ជាថ្នូរនឹងការអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវខាងលើនេះ តាមការបំភ្លឺរបស់ក្រុមហ៊ុនសាងសង់បានបញ្ជាក់ថា គឺជាព័ត៌មានមិនពិត និងបានប្រាសចាកពីកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នារវាងក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវ ជាមួយក្រុមអាជីវករដឹកដី ដែលបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។ ក្រសួងអភិវឌ្ឍន៍ជនបទមិនបានអនុញ្ញាតឲ្យក្រុមហ៊ុនទទួលម៉ៅការសាងសង់ផ្លូវ ធ្វើការបិទផ្លូវសាធារណៈក្នុងរយៈពេលដំណើរការការដ្ឋានសាងសង់នោះទេ គឺមានតែណែនាំ និងរឹតបន្តឹងឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុវត្ថិភាព និងជួយសម្រួលចរាចរជូនប្រជាពលរដ្ឋកុំឲ្យមានការកកស្ទះ និង ក្រុមហ៊ុនត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាឲ្យបាននូវការសាងសង់ផ្លូវប្រកបដោយគុណភាពខ្ពស់ សម្រាប់បម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋបានយូរអង្វែង។

តែយ៉ាងណាក៏ដោយ ចំពោះករណីដែលបានកើតឡើងខាងលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបញ្ចូនក្រុមការងារចុះធ្វើការសម្របសម្រួលដោះស្រាយជាមួយភាគីពាក់ព័ន្ធឲ្យបានឆាប់បំផុត។ នេះជាការបញ្ជាក់បន្ថែមពីលោក ចាន់ ដារ៉ុង។

ជាមួយគ្នានេះ ក្រោយមានបាតុភាព និងការលើកឡើងយ៉ាងដូច្នេះ ពីអ្នកបើករថយន្ដដឹកដីនោះ អ្នកប្រតិបត្តិក្នុងការអនុវត្តគម្រោងបន្ដពីក្រសួងអភិវឌ្ឍន៍ជនបទ បានចេញមកច្រានចោលទាំងស្រុង និងបញ្ជាក់ពីហេតុផល ចំពោះករណីទាំងនេះ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ អ្នកប្រតិបត្តិក្នុងការអនុវត្ដគម្រោងបន្ដពីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់យ៉ាងដូច្នេះថា៖

*ទី១៖ អ្នកប្រតិបត្តិក្នុងការអនុវត្តន៍គម្រោងបន្តពីក្រសួងអភិវឌ្ឍន៍ជនបទ បានយកឡានម៉ាកតូយ៉ូតា២បាំង មកដាក់បាំងពីមុខគាត់មែន ដោយខាងក្រុមអាជីវកររកស៊ីដឹកដី ជាអ្នករំលោភកិច្ចសន្យា ដែលមានស្នាមមេដៃដោយយល់ព្រមគ្នាថា ប្រើប្រាស់រថយន្តដឹកដីចំនួន៧គ្រឿងប៉ុណ្ណោះ តែក្រោយមក ខាងក្រុមអាជីវកររកស៊ីដឹកដីនៅតែប្រើប្រាស់រថយន្តដឹកដី មានចំនួនច្រើនដដែល។ (មានភ្ជាប់របាយការណ៍ប្រជុំនៅឃុំសែនដី)
*ទី២៖ អ្នកប្រតិបត្តិក្នុងការអនុវត្តន៍គម្រោងបន្តពីក្រសួងអភិវឌ្ឍន៍ជនបទ មិនបានបិទផ្លូវសាធារណៈដែលបង្ករការកកស្ទះដល់ប្រជាពលរដ្ឋក្នុងការធ្វើចររាចរណ៍ទេ។
*ទី៣៖ អ្នកប្រតិបត្តិក្នុងការអនុវត្តន៍គម្រោងបន្តពីក្រសួងអភិវឌ្ឍន៍ជនបទ មិនបានទាមទារលុយពីក្រុមអាជីវកររកស៊ីរថយន្តដឹកដីចំនួន៤,០០០ដុល្លារ ជាថ្នូរក្នុងការដឹកដីនោះទេ។ ខាងអ្នកប្រតិបត្តិក្នុងការអនុវត្តន៍គម្រោងបន្ត ពីក្រសួងអភិវឌ្ឍន៍ជនបទ មានត្រឹមតែសំណូមពរឲ្យខាងភាគីក្រុមអាជីវកររកស៊ីរថយន្តដឹកដីឲ្យទទួលខុសត្រូវលើការថែទំាំផ្លូវ០១ខែ្សនេះ ដោយខ្លួនឯងនៅពេលដឹកចប់។

ជាមួយគ្នានេះ អ្នកប្រតិបត្តិក្នុងការអនុវត្តន៍គម្រោងបន្តពីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានលើកឡើងនូវចំណុចខ្លះដែលក្រុមអាជីវកររកស៊ីដឹកដី បានបង្កដូចខាងក្រោម៖

*ទី១៖ បានយកគ្រឿងចក្រមកកាយដី ដែលអ្នកប្រតិបត្តិក្នុងការអនុវត្តន៍គម្រោងបន្តពីក្រសួងអភិវឌ្ឍន៍ជនបទ បានចាក់លើផ្លូវនោះចេញ
*ទី២៖ រថយន្តក្រុមអាជីវកររកស៊ីដឹកដីបើកបរ ក្នុងល្បឿនលឿនដែលធ្វើមានផលប៉ះពាល់អ្នកភូមិ និងជាពិសេសធ្វើឲ្យខួចផ្លូវដែលកំពុងសាងសង់
*ទី៣៖ ដឹកដីមិនមានការគ្រប់ត្រឹមត្រូវ ដែលធ្វើឲ្យរាយប៉ាយតាមផ្លូវ វាមានផលប៉ះពាល់ដល់បទដ្ឋានបច្ចេកទេសរបស់ក្រសួង
*ទី៤៖ ក្រុមអាជីវកររកស៊ីដឹកដី ដឹកដីមុនច្បាប់អនុញ្ញាត។

ម្យ៉ាងទៀត វាជារដូវប្រាំងផង ហេតុនេះអ្នកប្រតិបត្តិក្នុងការអនុវត្តន៍គម្រោងបន្តពីក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវពន្លឿនការងារសាងសង់ផ្លូវនេះឲ្យចប់មុនរដូវវស្សាមកដល់ ដើម្បីឲ្យប្រជាពលរដ្ឋ ឆាប់បានប្រើប្រាស់ផ្លូវនេះ សម្បត្តិជាតិ និងសមិទ្ធិផលរបស់រាជរដ្ឋាភិបាលទាំងមូល។

សូមបញ្ជាក់ថា ពេលផ្ទុះការតវ៉ានោះ ក្រុមអាជីវកររកស៊ីរថយន្តដឹកដីបា​នឲ្យដឹងថា កន្លងមកក្រុមអ្នកដេញថ្លៃពីក្រសួងអភិវឌ្ឍន៍ជនបទ បានទាមទារលុយពីអ្នកដឹកដីចំនួន៤.០០០ដុល្លារ ជាថ្នូរនឹងការអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវខាងលើនេះ តែភាគីដឹកដីមិនព្រម ក៏កើតជាជម្លោះ រហូតយករថយន្តមកពាំងផ្លូវបែបនេះ។ ពួកគេតែងប្រើពាក្យថា ជាផ្លូវដែលក្រសួងអភិវឌ្ឍន៍ជនបទ ឲ្យគេធ្វើអញ្ចឹង គេមានសិទ្ធិគ្រប់បែបយ៉ាងលើផ្លូវនេះ។

អ្នករកស៊ីដឹកដីម្នាក់ បានឲ្យដឹងទៀតថា គាត់បានចូលខ្លួនដោះស្រាយ ជាមួយអ្នកដេញថ្លៃនោះហើយ នៅក្នុងសាលាឃុំ ដោយមានទាំងកិច្ចសន្យាត្រឹមត្រូវ តែក្រុមអ្នកដេញថ្លៃ នៅតែមកបិទផ្លូវពួកគាត់ទៀត ដោយយកលេសថា ជាផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលគេដេញថ្លៃបាន។ ដូច្នេះគេមិនឲ្យនណាប្រើប្រាស់ផ្លូវនេះក៏បាន។ បើតាមអាជីវកររូបនេះ តាមពិតរថយន្តដឹកដី គឺបានដឹកដីទៅកសាងរោងចក្រកាត់ដេរ ដើម្បីបម្រើការងាររាប់ពាន់កន្លែងជូនពលរដ្ឋនៅតំបន់នោះ៕