(ព្រះវិហារ)៖ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ដែលដាក់តាំងលក់តាមផ្ទះបងប្អូនអាជីវករនានា នៅក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានមន្ត្រីកាំកុងត្រូល ខេត្តធ្វើការដកហូតប្រមូលយកទៅដុតកម្ទេចចោល នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានថ្លែងថា ថ្ងៃនេះមន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានធ្វើការចុះត្រួតពិនិត្យទំនិញ វេចខ្ចប់ស្រាប់ ដែលបានដាក់តាំងលក់តាមផ្ទះបងប្អូនអាជីវករនានា ក្នុងឃុំទឹកក្រហមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាលទ្ធផល ក្រុមការងារយើងបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា៖ ទឹកដោះគោឆៅចំណុះ០,៤៥លីត្រ ទឹកស៊ីរ៉ូចំណុះ១២.៧៨លីត្រ ទឹកក្រូចចំណុះ៤៤,៣៣លីត្រ នំកញ្ចប់ខ្នុរទម្ងន់៥.៥គីឡូក្រាម និងទឹកដោះគោខាប់ទម្ងន់១,៩០គីឡូក្រាមផងដែរ។

លោកប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ទៀតថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទទាំងនោះ ក្រោយពីពិនិត្យខើញថា ខូចគុណភាព ត្រូវបានធ្វើការដកហូត និងយកទៅដុតកំទេចចោលភ្លាមៗផងដែរ។

ជាមួយគ្នានោះ លោក ដួង មុនី ក៏បានអប់រំណែនាំឲ្យបងប្អូនអាជីវករយើង មុននិងយកទិញទំនិញផ្សេងៗយកមកដាក់តាំងលក់ ត្រូវពិនិត្យមើលកាលបរិច្ឆេទថ្ងៃខែឆ្នាំផលិតអោយបានត្រឹមត្រូវជាមុន ជៀសវាងទិញទំនិញខូចគុណភាព ទំនិញបាតឃ្លាំងយកមកលក់ ហើយពិសេសជាងនេះទៀត ត្រូវទុកដាក់ទំនិញអោយបានត្រឹមត្រូវ ចៀសវាងត្រូវកំដៅថ្ងៃដែលជាហេតុធ្វើឲ្យគុណភាពរបស់ ទំនិញឆាប់ខូច។

ដោយឡែក បងប្អូនប្រជាពលរដ្ឋ ក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ព្រោះការប៉ះពាល់ដល់សុខភាពរបស់យើង គឺភាគច្រើនគឺកើតឡើងដោយការទទួលទាន ដូច្នេះមុននិងសម្រេចចិត្តទិញទំនិញ យកទៅទទួលទាន ត្រូវពិនិត្យមើលកាលបរិច្ឆេទថ្ងៃខែឆ្នាំផលិតឲ្យបានត្រឹមត្រូវជាមុនផង៕