(កំពង់ធំ)៖ ពីរដងហើយដែលកម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ ឆ្មក់បង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប និងទន្លេឆ្មា ក្នុងភូមិសាស្ត្រស្រុកស្ទោង និងភូមិសាស្ត្រផ្សេងទៀត ក្នុងខេត្តកំពង់ធំ ប៉ុន្តែហាក់មិនសូវក្ដៅគគុកដូចចិត្តសោះ ពីព្រោះតែប្រតិបត្តិការបង្ក្រាបបទល្មើសទាំងនោះ ត្រូវបានបែកការណ៍មុនកម្លាំងសមត្ថកិច្ចចុះបង្ក្រាប។

មន្ត្រីនគរបាលបានឱ្យដឹងថា នាពេលថ្មីៗនេះ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អ៉ិត សុធា កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ២ដង នៅតំបន់បឹងទន្លេសាប និងតំបន់ទន្លេឆ្មា ក្នុងនោះរួមមាន៖

* លើកទី១៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងនគរបាលអន្តោប្រវេសន៍ កម្លាំងនគរបាលទទួលផែនសណ្តាប់ធ្នាប់ និងកម្លាំងនគរបាលចរាចរណ៍ជើងទឹក ដឹកនាំដោយលោកវរសេនីយ៍ត្រី យឹម សោភ័ណ្ឌ នាយរងការិយាល័យស្តីទី នៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយដកហូតបាននេសាទុបករណ៍មួយចំនួន ដូចជាច្បចំនួន១ និងលបចំនួន២០។

មន្ត្រីនគរបាលដដែលបានបន្តថា សម្ភារទាំងនេះ ត្រូវបានរក្សាទុករង់ចាំម្ចាស់មកធ្វើកិច្ចសន្យាបញ្ឈប់។ រីឯត្រីដែលជាប់ក្នុងនេសាទុបករណ៍ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅព្រលែង ចូលទៅក្នុងបឹងទន្លេសាបវិញ។

* លើកទី២៖ នាយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចចម្រុះខាងលើបានចូលទៅដេកចាំនៅតំបន់ទន្លេឆ្មា រយៈពេលមួយយប់ ប៉ុន្តែក្នុងពេលចុះប្រតិបត្តិការគ្មានឃើញបទល្មើស អ្វីមួយកើតឡើងនោះទេ។ លុះព្រឹកឡើង សមត្ថកិច្ចក៏បានសាកសួរព័ត៌មាន ពីប្រជាពលរដ្ឋនៅមូលដ្ឋាន ស្រាប់តែគេប្រាប់ថា ប្រតិបត្តិការបង្ក្រាបនេះ បានបែកការណ៍តាំងតែកាណូតរបស់កម្លាំងសមត្ថកិច្ច ចូលដល់មាត់បឹងទន្លេឆ្មាមកម្ល៉េះ។

ក្នុងពេលចុះធ្វើការនាព្រឹកថ្ងៃទី០៥ កម្លាំងសមត្ថកិច្ចក៏បានប្រទះឃើញនេសាទុបករណ៍មួយចំនួន ក្នុងតំបន់អភិរក្សផងដែរ ហើយបានកាត់យកដុតកម្ទេចចោល ក្នុងនោះរួមមាន៖ លបចំនួន៣៧ និងច្បចំនួន២។

មន្ត្រីសមត្ថកិច្ចបានបន្តទៀតថា នៅតំបន់ទន្លេឆ្មា មានជំទប់ឃុំម្នាក់ប្រើលេខទូរស័ព្ទ ០៧១ ៩០ ៩៩៩ ៦៧ បានតេសុំមកចរចាជាមួយសមត្ថកិច្ច ពាក់ព័ន្ធនឹងរឿងដកហូតនេសាទុបករណ៍ខាងលើ។ ជំទប់ឃុំនោះក៏ជាអ្នករត់ការឱ្យប្រជាជនដាក់លប នៅតំបន់អភិរក្សនោះទៀតផង។

ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត ដែលសមត្ថកិច្ចខាងលើបានប្រាប់ភ្នាក់ងារ Fresh News គឺករណីដែលប្រជាជនលួចដាក់ឆ្នុកបាន ក៏ដោយសារមានមេកាងពីរនាក់ប្ដីប្រពន្ធ ឈ្មោះ ជា និងប្រពន្ធឈ្មោះ កា រស់នៅភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ជាអ្នកផ្គត់ផ្គង់ថវិកា និងឧបករណ៍នេសាទខុសច្បាប់ ហើយក៏ជាអ្នករត់ការឱ្យមន្ត្រីជំនាញពាក់ព័ន្ធដែរ ដោយក្នុងមួយឆ្នុកៗតម្លៃ ១០លានរៀល។

ពាក់ព័ន្ធនឹងបញ្ហាដ៏ស្រួចស្រាល់នេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ ក៏ធ្លាប់លើកឡើងក្នុងកិច្ចប្រជុំបុកសរុបការងារថ្នាក់ជាតិ នៅសាលាខេត្តកំពង់ធំ កាលពីពេលកន្លងទៅផងដែរថា រឿងបទល្មើសនេសាទនៅក្នុងតំបន់បឹងទន្លេសាបនេះ មានភាពល្បីល្បាញខ្លាំងណាស់ ប៉ុន្តែរាល់ពេលដែលលោកដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាប គ្មានឃើញសកម្មភាពបទល្មើសទាំងនោះសោះ នេះក៏ព្រោះតែក្រុមជនល្មើសដឹងខ្លួនមុន?