(ឧត្តរមានជ័យ)៖ ដើម្បីឆ្លើយតបទៅនិងសំណូមរបស់អភិបាលស្រុកបន្ទាយអំពិល សាខាកាំកុងត្រូលខេត្តដឹកនាំដោយលោក ខាន់ រ៉ាត់​ សហការជាមូយ មន្ទីរពាណិជ្ជកម្មខេត្តឧត្ដរមានជ័យ និងអាជ្ញាធរដែនដី បានបន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅវិទ្យាល័យ ហ៊ុន សែន បន្ទាយអំពិល នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ។

ក្នុងនោះដែរ លោក ខាន់ រ៉ាត់ បានលើកឡើងថា ដើម្បីថែរក្សាបានសុខភាព និងអនាម័យ សិស្សានុសិស្សត្រូវតែ ស្វែងយល់ឲ្យបានច្បាស់លាស់ ចំពោះចំណីអាហារណាដែលគ្មានអនាម័យ ឬគ្រឿងកំប៉ុងណាដែល ហួសកាលបរិច្ឆេត​ប្រើប្រាស់ គ្មានស្លាកសញ្ញាត្រឹមត្រូវ ដែលវាមាន គ្រោះថ្នាក់ដល់សុខភាព។

លោក ខាន់ រ៉ាត់ បានលើកឡើងផងដែរថា ប្អូនៗ ដែលជាទំពាំងស្នងឫស្សី ត្រូវតែមានចំណេះដឹងជាមូលដ្ឋាន អំពីសុវត្ថិភាពម្ហូបអាហារ ដែលជាអាទិភាពទី០១ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសរបស់ រាជរដ្ឋាភិបាល។

លោកក៏បានអប់រំដល់សិស្សានុសិស្សបន្ថែមទៀតថា ត្រូវប្រុងប្រយ័ត្នជាចម្បងចំពោះផលិតផលផ្សំ ដោយសារជាតិគីមីដែលធ្វើឲ្យប៉ះពាល់សុខភាព។
ជាមួយគ្នានោះដែរ លោក ខាន់ រ៉ាត់ បានធ្វើការផ្សព្វផ្សាយនូវចំណេះដឹងជាមូលដ្ឋានដល់សិស្សានុសិស្ស អំពី «សុវត្ថិភាពម្ហូបអាហារ» នៅពេលនេះ មានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជា យុទ្ធសាស្ត្របញ្ជ្រាប ចំណេះដឹងអំពី «សុវត្ថិភាពចំណីអាហារ» ទូទាំងខេត្ត ក្រុង ដែលបានដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល​។

ដោយឡែក លោកគ្រូអ្នកគ្រូ​ ក៏ដូចជា សិស្សានសិស្សនៅទីនោះក៏បានថ្លែងអំណរគុណ​ និងសម្តែងនូវការសារទរផងដែរ​ ចំពោះមន្ត្រីសាខាកាំកុងត្រូលខេត្ត ដែលបានយកចិត្តទុក្ខដាក់ចុះមកជួយផ្សព្វផ្សាយ ដល់សិស្សានុសិស្ស នៅវិទ្យាល័យនេះដោយផ្ទាល់អំពីបញ្ហារសុខភាព​ ម្ហូបអាហារ​ នៅពេលនេះ​។

បន្ទាប់មក​លោក​ ខាន់​ រ៉ាត់​ រួមទាំងក្រុមការ​ងារ ក៏បាន​បិទ​ និងចែកជូន​នូវផ្ទាំង ​poster និង​ លេខទូរស័ព្ទ​ដល់​លោកគ្រូ​អ្នកគ្រូ នៅក្នុងឱកាសនោះផងដែរ ដើម្បីអោយលោកគ្រូ អ្នកគ្រូក៍ដូចជាសិស្សានុសិស្ស ដែលមានបញ្ហាទាក់ទង និងបញ្ហាទំនិញផ្សេងៗ ដែលសង្សយ័ថាខូចគុណភាពអាចទំនាក់ទំនងសួរបាន ឫក៏ឲ្យមន្ត្រីកាំកុងត្រូលចុះមកពិនិត្យដោយផ្ទាល់ក៏បាន៕