(កំពង់ស្ពឺ)៖ សិលាចារឹកដ៏មានតម្លៃរបស់ខ្មែរមួយផ្ទាំង ក្នុងចំណោម៣៦ផ្ទាំង ដែលសសេរចារឹកថា «សុវណ្ណភូមិ» មុនសម័យអង្គរ (សតវត្សទី៧) ដែលរកឃើញក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រួចទុកនៅវត្តគិរីស្តេចគង់ បានបាត់ខណៈដែលសមត្ថកិច្ច ព្យាយាមយកសិលាចារឹកនោះ​ ទៅរក្សាទុកនៅសារមន្ទីរជាលើកទី៣ តែព្រះចៅអធិការវត្តគិរីស្តេចគង់ មិនព្រមតាម។

លោក ហម គឹមសុន អគ្គនាយករងបេតិកភណ្ឌ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា សិលាចារឹកមួយផ្ទាំង ដែលរកឃើញក្នុងវត្តគិរីស្តេចគង់ ដោយចារឹកអក្សមួយឃ្លាថា «សុវណ្ណភូមិ» ដែលមានតម្លៃដ៏មហាសាល និងជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ សម្រាប់ការស្រាវជ្រាវជាប្រវត្តិសាស្រ្ត សម្រាប់ជាតិទាំងមូល បានបាត់ដោយមិនដឹងមូលហេតុ។

លោកអគ្គនាយករងបានបន្តថា នេះជាលើកទី៣ហើយ ដែលក្រុមការងារបានចុះមកដកហូត យកផ្ទាំងសិលាដ៏កម្រនេះ ប៉ុន្តែព្រះចៅអធិការវត្តគិរីស្តេចគង់ បានកែនបងប្អូនប្រជាពលរដ្ឋ មករារាំងមិនឲ្យក្រុមការងារ នាំយកវត្ថុមានតម្លៃនេះ ទៅរក្សាទុកក្នុងសារមន្ទីរជាតិបានឡើយ តែនៅថ្ងៃនេះ កម្លាំងចម្រុះបានឆែកឆេររកវត្ថុមានតម្លៃរបស់ជាតិខ្មែរនេះមិនឃើញ ដោយត្រូវព្រះចៅអធិការរំដោះចេញ ពីកន្លែងរក្សាទុកទៅបាត់ ហើយព្រះចៅអធិការអង្គនោះ បានរត់គេចព្រះកាយ ដោយមិនព្រមប្រគល់ផ្ទាំងសិលានោះ មកសមត្ថកិច្ចដាច់ខាត។

បើគេសម្លឹងទៅមើលលោកយាយ លោកតា ដែលរស់នៅក្បែរៗវត្ត បានមកតវ៉ាជាមួយសមត្ថកិច្ច ហាក់បីដូចជាមានការចាត់តាំង ច្បាស់លាស់ ពីព្រះចៅអធិការវត្ត ដោយបានទូងស្គរ ប្រកូកប្រកាសដើម្បីតវ៉ា មិនព្រមប្រគល់វត្ថុមានតម្លៃ ដាក់ក្នុងសារមន្ទីរជាតិ។

លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានមានពន្យល់ដល់ប្រជាពលរដ្ឋ ដែលមកតវ៉ានោះថា សិលាចារឹកដ៏មានតម្លៃ សម្រាប់ជាតិមួយផ្ទាំងនេះ ចាំបាច់ត្រូវការថែរក្សាពីមន្ត្រីជំនាញបេតិកភណ្ឌ និងមានកន្លែងទុកដាក់ថែទាំត្រឹមត្រូវ ពីសារមន្ទីរជាតិ មិនអាចអាចធ្វេសប្រហែសបាននោះ។ លោកថា នេះជាសម្បត្តិវប្បធម៍ជាតិដ៏កម្រ និងមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។

លោកអភិបាលរងបន្តដោយសង្កត់ធ្ងន់ថា បើផ្ទាំងសិលាដ៏មានតម្លៃនេះ ពិតជាបានបាត់ អ្នកទទួលខុសត្រូវនឹងទទួលទោស តាមច្បាប់កំណត់ ពីព្រោះវត្ថុដ៏មានសម្រាប់មនុស្សជាតិ ត្រូវការចាំបាច់ថែរក្សាកូនខ្មែរ ជំនាន់ក្រោយបានស្វែងយល់ ។

ចេតនាទាំងមូលរបស់ក្រុមការងារ ការពារបេតិកភណ្ឌ គឺត្រូវតែយកមកថែរក្សា និងសិក្សាពីសិលាចាររឹកដ៏មានតម្លៃនេះ មកតាំងក្នុងសារមន្ទីរជាតិ ឲ្យបានគង់វង្ស មិនប្រកាន់ថា ជារបស់នណាម្នាក់ឡើយ គឺជាសម្បត្តិវប្បធម៌តែមួយរបស់ខ្មែរ តែត្រូវបរាជ័យជាលើកទី៣ ដោយទង្វើ និងចេតនារំដោះ ពីសំណាក់ព្រះចៅអធិការវត្តខាងលើ ហើយចុងក្រោយបានបាត់ចេញ ពីកន្លែងថែរក្សាទុកថែមទៀត។

សូមជំរាបថា ការចុះយកសិលាចារឹកទៅរក្សាទុកក្នុងសារមន្ទីរនេះ បានធ្វើឡើងដោយមានការសម្អាងត្រឹមត្រូវ រួមមាន៖

១៖ យោងតាមលិខិត ប្រគេនជូនរបស់សម្តេចព្រះសង្សនាយក នន់ ង៉ែត បានចម្រើនពរជូនចំពោះ ព្រះចៅអធិការវត្តគិរីស្តេចគង់ ក្នុងឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំយកសិលាចារឹកចំនួន០១ផ្ទាំង មកថែក្សាទុកក្នុងសារមន្ទីរជាតិភ្នំពេញ ទុកជាបេតិកភណ្ឌជាតិ។

២៖ យោងលើសង្សដីកាលេខ២២៥ ស.ន.ក.ជ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ទើបសមត្ថកិច្ចចម្រុះ ដឹកនាំលោក ហម គឹមសុន, លោក សរ សុពុត្រា និងលោកឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ រួមទាំងកម្លាំងចម្រុះទាំង៣ប្រភេទ ជាច្រើននាក់ចុះប្រតិបត្តិការ៕