(ពោធិ៍សាត់)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ ​បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់ នៅផ្សារបំណក់ ស្ថិតនៅភូមិកាប៉ាស់ ឃុំឈើតំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងការត្រួតពិនិត្យ​ មន្រ្តីជំនាញបានធ្វើវិភាគបឋមរកសារធាតុគីមីហាមឃាត់ទៅលើមឹក, បង្គារ, ប្រហិតសាច់គោ, ប្រហិតត្រី, គល់ស្លឹកគ្រៃហាន់, ស្ពៃជ្រក់ ដែលលទ្ធផល​ មន្ត្រីជំនាញរកពុំឃើញ​វត្តមានសារធាតុគីមីហាមឃាត់ទេ។ ប៉ុន្តែក្រុមការងារបានរកឃើញ ទំនិញខូចគុណភាព ហួសថ្ងៃកំណត់ប្រើប្រាស់ដោយបានធ្វើ កំណត់ហេតុ ដកហូតទំនិញ ចំនួន៥មុខ សរុប១១៥គីឡូក្រាម ដុតកំទេចចោលភ្លាមៗ។

ក្នុងឱកាសនោះ​ក្រុមការងារ ក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ «Poster» ផងដែរ។

លោក តូច ចៅកុយ ក៏បានណែនាំអាជីវករ ឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់៕