(ភ្នំពេញ)៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង បានផ្តួចផ្តើមគំនិត រៀបចំ​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យាឆ្នាំ​២០១៨ ដំបូង​បំផុតនៅក្នុង​ប្រទេស​កម្ពុជា។ ការតាំងពិព័រណ៍នេះ មានរយៈពេល​៣​ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង​។

នេះជាឱកាស​ដ៏​វិសេស​មួយ ដែល​ប្រមូលផ្តុំ​នូវ​ធនធានមនុស្ស យុវជន​សិស្ស​និស្សិត​កម្ពុជា មកពី​វិទ្យាល័យ សកល​វិទ្យាល័យ​នានា​ទូទាំងប្រទេស​កម្ពុជា ដែលមាន​ជំនាញ​ផ្នែក បច្ចេកវិទ្យា ការសរសេរ​កូដ វិស្វកម្ម វិទ្យាសាស្ត្រ និង​ព្រមទាំង​ស្រឡាញ់​ចូលចិត្ត​ចំណេះដឹង​យន្តហោះ និង​អាកាសចរ។ លើសពីនេះ ​យុវជន សិស្ស​និស្សិត និង​អ្នកចូលរួម​ទាំងអស់​អា​ច​សួរ​ជា​សំណួរចម្លើយ ទៅកាន់​អ្នកបើក​យន្តហោះ​ដែល​នៅ​ទីនោះ​ផ្ទាល់ ឯកទេស និង​យុវជន សិស្ស​និស្សិត​នានា ដែល​ចូលរួម​តាំង​ពិ​ព័រ​ណ័​បង្ហាញ​អំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរ​កូដ វិស្វកម្ម និង​វិទ្យាសាស្ត្រ​ជាដើម​។​

​កំឡុងពេល​ពិព័រណ៍​នេះ​ផងដែរ គឺមាន​សាល​សិក្ខាសាលា ​ដែល​បង្កើត​ឱកាស​បន្ថែម ទៅដល់​អ្នកចូលរួម​មក​ទស្សនា​ចូល​ស្តាប់ សួរ​និង​ឆ្លើយ ផ្លាស់ប្តូរ​បទពិសោធន៍​រវាង​វាគ្មិន សាស្ត្រាចារ្យ អ្នកជំនាញ រៀមច្បង និង​សិស្ស​និស្សិត​រវាង​គ្នា​។ ទន្ទឹមនឹងនេះ ​ក៏មាន​ស្តង់​លក់​ម្ហូប និង​ភេសជ្ជៈ​សម្រាប់​អ្នកចូលរួម​ទស្សនា​ទទួលទាន និង​សម្រាក​កម្សាន្ត​ផងដែរ​។​

សម្រាប់​យុវជន​សិស្ស​និស្សិត​កម្ពុជា​ទាំងអស់ ​គួរតែ​ចូលរួម​ឱ្យបាន​ច្រើន ដើម្បី​ទទួលបាន​បទពិសោធន៍ និង​ចំណេះដឹង​អំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរ​កូដ វិស្វកម្ម និង​វិទ្យាសាស្ត្រ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​ក្នុង​វិស័យនេះ និង​ឱ្យ​វិស័យ​យន្តហោះ និង​បច្ចេកវិទ្យា​នៅ​កម្ពុជា​មានការ​រីកចម្រើន​។

សូមជំរាបថា ពិព័រណ៍​នេះ ទទួល​បាន​ការគាំទ្រ​យ៉ាងខ្លាំង​ពីកងទ័ព​ជើង​អាកាស និងក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការ​គាំទ្រ​សហការ​រៀបចំ​ពី​ក្រុមហ៊ុន Helistar (Cambodia) និង​អង្គការ​សែ្ទ​ម​កម្ពុជា។ បន្ថែមលើនេះ ក៏មានការតាំង​បង្ហាញ​នូវ​ស្នាដៃ​ទេពកោសល្យ​កូន​ខ្មែរ ដែល​បាន​ផលិត​ឧបករណ៍​អេឡិចត្រូនិក គ្រឿងយន្ត បច្ចេកវិទ្យា និង​ការសរសេរ​កូដ​ផ្សេងៗ​ជាដើម​។

ពិព័រណ៍​យន្តហោះ និង បច្ចេកវិទ្យា គឺជា​កម្មវិធី​សង្គម​មួយ ​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ ក្រុមយុវជន​កម្ពុជា​ម​ក​ពី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង​។ ក្រុមយុវជន​គឺ គាត់​ស្រឡាញ់ និង​ចូលចិត្ត​យ៉ាងខ្លាំង​នូវ​ជំនាញ និង​មុខវិជ្ជា​អំពីយន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរ​កូដ វិស្វកម្ម និង​វិទ្យាសាស្ត្រ​ផងដែរ៕