(ភ្នំពេញ)៖ យុវជនសង្កាត់ច្រាំងចំរេះទី២ សរ ហាលីណាត និងយុវជនសង្កាត់ឬស្សីកែវ វ៉ាន់ ប៊ុនតឺម ចំនួន២នាក់ ដែលរងរបួសដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ នាពេលកន្លងមក និងកំពុងសម្រាកព្យាបាលនៅឯគេហដ្ឋាន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បានទទួលការស្វាគមន៍សំណេះសំណាល សួរសុខទុក្ខ និងថវិកាដើម្បីព្យាបាលបន្តពីលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ប្រធាន និងអនុប្រធានសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឬស្សីកែវ រួមជាមួយលោកចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធដ៍ទៃទៀត តំណាងឲ្យលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឬស្សីកែវ។

ក្នុងសកម្មភាពយកចិត្តទុក្ខដាក់សួរសុខទុក្ខយុវជនសង្កាត់ ដែលរងរបួសដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ទាំង២នាក់ខាងលើនេះ លោកស្រី អាន ផល្លា បានផ្ដាំផ្ញើលើកទឹកចិត្ត ដល់អ្នកមានជំងឺឲ្យខំតស៊ូថែរក្សាសុខភាពឲ្យបានល្អប្រសើរ ក្នុងជីវិតរស់នៅដោយមានក្ដីសង្ឃឹមជានិច្ច ដើម្បីរងចាំមើលការរីកចម្រើនរបស់ប្រទេសជាតិ ដែលកំពុងបន្តអភិវឌ្ឃន៍ ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លើសពីនេះ លោកស្រី អាន ផល្លា បានផ្ដាំផ្ញើទាំងអាជ្ញាធរភូមិ-សង្កាត់ ឲ្យជួយរាយការណ៍អំពីស្ថានភាពជាក់ស្ដែង ពិតប្រាកដរបស់ជនទីទាល់ក្រ ក្នុងនោះ មានទាំងអ្នកជំងឺរ៉ាំរ៉ៃ ចាស់ជរា ពិការភាព ទុរគតជនគ្មានទីពឹង ជួលផ្ទះគេ និងចាំផ្ទះឲ្យគេ ឫជួបគ្រោះថ្នាក់ផ្សេងៗជាដើម «ពោលជនងាយរងគ្រោះ» ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ដើម្បីមានវិធានការ រិះរកដំណោះស្រាយជូនឲ្យទាន់ពេលវេលា និងទាន់សភាពការ ដើម្បីឲ្យស្របទៅតាមអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ៕