(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការដាំកូនឈើ និងការលើកកម្ពស់ ការយល់ដឹងអំពីបរិស្ថាន» នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវឲ្យប្រជាពលរដ្ឋ​ ចូលរួមដាំដើមឈើ ដើម្បីបង្កើនភាពបៃតង និងការពារបរិស្ថាន។

សន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ ក្រោមការគាំទ្រថវិកា និងសម្ភារពីកម្មវិធីបេះដូងសប្បុរសណាហ្គាវើល តាមរយៈគម្រោងដាំកូនឈើ និងការលើកកម្ពស់ការយល់ដឹងអំពិបរិស្ថាន នៃកម្មវិធីកម្ពុជាបៃតង។

លោក នេត្រ ភក្ត្រា បានថ្លែងថា «យើងសង្ឃឹមថា តាមរយៈការដាំដើមឈើទាំងនេះ សាលានឹងបន្ដខិតខំយកចិត្ដទុកដាក់ ចូលរួមចំណែកថែរក្សាបរិស្ថាន និងការពារធនធានធម្មជាតិ ជាពិសេសថែរក្សានូវកូនឈើ ដែលបានដាំនាពេលនេះ និងជួយជំរុញដល់ការដាំដុះដើមឈើឡើងវិញ នៅទូទាំងប្រទេស ស្របតាមគោលដៅអភិវឌ្ឍន៍សហប្រជាជាតិ នៅក្នុងការប្រយុទ្ធប្រឆាំង នឹងភាពរហោដ្ឋាន»

លោក នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា «ការដាំដើមឈើនៅថ្ងៃនេះ ក៏ជាការបំផុសនូវស្មារតីចេះ ស្រលាញ់បរិស្ថាន ស្រលាញ់ធនធានធម្មជាតិ ថែរក្សាការពារព្រៃឈើ ដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប ក្នុងចំណោមពលរដ្ឋកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ។ សូមអំពាវនាវឲ្យប្រជាពលរដ្ឋ​ ចូលរួមដាំដើមឈើ ដើម្បីបង្កើនភាពបៃតង និងការពារបរិស្ថាន»

បើតាមនាយកគ្រប់គ្រង ក្រុមហ៊ុនណាហ្គាវើលដ៍ លោក Pern Chen បានបញ្ជាក់ថា «ការការពារបរិស្ថាន គឺជាការងារសង្គមអាទិភាពមួយ នៃគម្រោងអភិរក្សបរិស្ថានរបស់យើង»

លោកថា «តាមរយៈកម្មវិធីដាំកូនឈើ និងការណែនាំស្តីអំពី ការថែរក្សាកូនឈើនេះ យើងសង្ឃឹមថាសិស្សានុសិស្ស នឹងស្វែងយល់បន្ថែមអំពីការអភិរក្សបរិស្ថាន និងយល់ដឹងអំពីវិធីជួយធ្វើប្រទេសកម្ពុជា កាន់តែបៃតងក្នុងពេលអនាគត។ មិនតែប៉ុណ្ណោះ ពួកគេនឹងទទួលបានខ្យល់អាកាស និងម្លប់ពីកូនឈើ ដែលពួកគេបានដាំផងដែរ»

សូមបញ្ជាក់ថា សន្និសីទសារព័ត៌មាន ស្ដីពី «ការដាំកូនឈើ និងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន» នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការលើកកម្ពស់ការយល់ដឹង និងចូលរួមថែរក្សា អភិរក្សបរិស្ថាន ក៏ដូចជាបញ្ជ្រាបនូវការយល់ដឹងពីវិធានការនានា ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ក៏ដូចជាជីវិតលើភពផែនដីយើងនេះ៕