(បាលី-ឥណ្ឌូនេស៉ី)៖ លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៉ី បានថ្លែងថា មូលដ្ឋានគ្រឹះ​នៃការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា នៅតែបន្តមានស្ថិរភាព និងឧត្តមភាពក្នុងគ្រប់វិស័យ ​វា​អាចសម្រេចទៅបានដោយសារតែការដឹកនាំបែបប្រជាធិបតេយ្យ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌូនេស៉ី បានថ្លែងបែបនេះ ក្នុងវេទិកាប្រជា​ធិប​តេយ្យ​​បាលីលើកទី១១ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៉ី។

លោក ហោ ណាំបូរ៉ា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «មូលដ្ឋានគ្រឹះ​ទាំង​ម៉ាក្រូ និងមីក្រូនៃការអភិវឌ្ឍ​ទីផ្សារសេដ្ឋកិច្ច​របស់កម្ពុជា នៅតែបន្តមានស្ថិរភាព និងឧត្តមភាពក្នុងគ្រប់វិស័យ ដោយ​​វា​អាចសម្រេចទៅបាន ក៏ដោយសារតែ​ការដឹកនាំបែបប្រជាធិបតេយ្យ ដែលបង្កើតឡើងនូវ​​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​​ ដែលកាន់តែបើកចំហរ មានតម្លាភាព និងនិរន្តរភាព ដើម្បីសម្រេចបាននូវវិបុលភាព សម្រាប់ប្រជាពលរដ្ឋ»។

លោក ហោ ណាំបូរ៉ា បានថ្លែងទៀតថា កម្ពុជាពិតជារីករាយណាស់ ក្នុងការចូលរួមយ៉ាងសកម្ម ក្នុង​កិច្ចចាប់ផ្តើម ក៏ដូចជាក្នុងសកម្មភាពនានា នៃ​​វេទិកាប្រជា​ធិប​តេយ្យ​​បាលីលើកទី១១។ ​លោកថ្លែងថា ប្រធានបទសម្រាប់វេទិកាលើកទី១១នេះគឺ «លទ្ធប្រជាធិបតេយ្យដើម្បី​វិបុលភាព» ហើយប្រធានបទរងសំខាន់ៗចំនួន០២ទៀត រួមមានទី១៖ ការធ្វើឲ្យ​ស្ថាប័ន​ប្រជាធិបតេយ្យ និងវិបុលភាពបរិយាប័ន្ន​ មាននិរន្តរ​ភាព​ និង​ទី២៖ បច្ចេកវិទ្យា នវានុវត្តន៍ និងអនាគតនៃវិបុលភាព។

បើតាមឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌូនេស៉ីរូបនេះ សម្រាប់ព្រះរាជាណាចក្រកម្ពុជា​ ប្រធានបទរងទាំងពីរ អាចចាត់ទុកថា គឺជាគ្រឹះដ៏សំខាន់នៅក្នុងគោលដៅយុទ្ធសាស្រ្ត ​​​ប្រជាធិបតេយ្យ​នាពេលបច្ចុប្បន្ន របស់​រាជរដ្ឋាភិបា​លកម្ពុជា។ ជាក់ស្តែងរាប់ទសវត្សរ៍​កន្លងទៅនេះ ​ប្រទេសកម្ពុជា បាន​រួមបញ្ចូលចំណុចទាំងនេះ ទៅក្នុង​ការ​ងារ​អភិវឌ្ឍ​​ប្រទេស​ ដោយផ្តោតទៅលើភាពត្រឹមត្រូវ នៃសេដ្ឋកិច្ច ភាពច្នៃប្រឌិត សមធម៌ និងនិរន្តរភាព។

លោកបានគូសបញ្ជាក់ថា កម្ពុជានឹងមិនផ្តល់និយមន័យលទ្ធិប្រជាធិបតេយ្យ ដូចដែលត្រូវបានកំណត់ឡើង ក្នុងបរិបទនៃលោកខាងលិច​ឡើយ តែផ្ទុយទៅវិញ ទទួលស្គាល់នូវការយល់ដឹងពេញលេញរបស់យើង អំពី​និយមន័យនៃពាក្យនេះ។ អ្វីដែលសម​រម្យ​បំផុតនោះ គឺឲ្យកម្ពុជាអនុវត្ត ការគ្រប់គ្រងបែបប្រជាធិបតេយ្យ តាមរបៀបរបស់ខ្លួន ដើម្បីឆ្ពោះទៅរកវិបុលភាព។

វាគឺជារឿងចាំបាច់ក្នុងការកំណត់និយមន័យ «វិបុលភាព» ឲ្យបានហ្មត់ចត់ នៅក្នុងវេទិកានេះ ហើយកម្ពុជា​​បានវិភាគ​ដោយ​យោងតាមលើ​កម្រិងថេរសំខាន់​ នៃលទ្ធប្រជាធិបតេយ្យរបស់ខ្លួន ដោយក្នុងនោះរួមមានដូចជា៖ ការធ្វើប្រតិភូកម្ម​សេវា​សាធារ​ណៈ​​សំខាន់ៗប្រកបដោយគុណភាព ទៅឲ្យ​ប្រជាពលរដ្ឋ ការធ្វើវិមជ្ឈការ​អំណាច​​នយោបាយប្រមូលផ្តុំ ការធ្វើ​វិមជ្ឈការ​ធនធានមនុស្ស ដើម្បីឲ្យពួកគេអាចបម្រើការ ​ប្រកបដោយ​ប្រសិទ្ធភាព ​តាម​គ្រប់វិស័យក្នុងសង្គម និង​ការ​​ធ្វើ ប្រជាធិបតេយ្យនីយកម្ម នៃស្ថាប័ននយោបាយ សម្រាប់ការត្រួតពិនិត្យ​ និងតុល្យភាព​នៃ​អភិបាលកិច្ច​​ និង​ការ​អនុវត្តល្អ​។

លោក ហោ ណាំបូរ៉ា បានសង្កត់ធ្ងន់ៗថា សម្រាប់កម្ពុជា វិបុលភាពប្រជាធិបតេយ្យ ដែលប្រកបដោយគំនិតច្នៃប្រឌិត មានន័យថា តម្លៃវប្បធម៌​មួយ ត្រូវបាន​កំណត់ដោយសាមគ្គីភាព នៃ​ប្រជាជនកម្ពុជា ដែលនាំមកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យ៉ាងរស់រវើក​ ​ក្រោម​គោលដៅលុបបំបាត់ភាពក្រី ដើម្បី​ការពារបរិស្ថាន និងដើម្បីធានានូវ​សុខសន្តិភាព និងវិបុលភាពប្រជាជន។

សរុបសេចក្តីមក កម្ពុជានឹងបន្ត​អនុវត្តន៍យ៉ាងរស់រវើក នូវ​អភិបាលកិច្ចប្រជាធិបតេយ្យរបស់ខ្លួន សម្រាប់ប្រជាជន​កម្ពុជា​ ជាមួយគោលដៅយុទ្ធសាស្រ្តប្រកបដោយនិរន្តរភាព ដែលស្របទៅលើការប្តេជ្ញាថ្នាក់ជាតិ អន្តរជាតិ និងក្នុងតំបន់​របស់​ខ្លួន ក្នុងការពង្រឹងវិបុលភាពប្រជាជន ដោយគោរពតាម​នីតិរដ្ឋ សិទ្ធិមនុស្ស និងភាពទទួលខុសត្រូវ ក៏ដូចជាការអភិវឌ្ឍ​​ប្រកបដោយនិរន្តរភាព៕