(ភ្នំពេញ)៖ ​នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី​ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ ស្តីពីការកំណត់សម្គាល់ទំនិញពិត និងទំនិញក្លែងក្លាយ ដែលរៀបចំឡើងដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងក្រុមហ៊ុន ថាយលីគី និង​ហ្គីបប៊ីន​។

កម្មវិធីនេះមានការចូលរួមមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ​នានា​ និងមានមន្ត្រីជំនាញចូលរួមដូចជា៖​ មន្ត្រីមកពី​​ក្រសួងពាណិជ្ជកម្ម​ អគ្គ្នស្នងការដ្ឋាននគរបាលជាតិ​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា​ អគ្គនាយកដ្ឋានកាំកុងត្រូល​ និងមន្ត្រីជំនាញ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ និងមានការចូលរួមធ្វើបទបង្ហាញពីក្រមហ៊ុនមួយចំនួនដូចជា៖ ក្រុមហ៊ុន Carter’s, Starbucks Coffee, Honda Motor Co., Ltd, Daimler AGជាដើម។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានថ្លែងថា​ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលមួយ ដើម្បីជាទិសដៅអភិវឌ្ឍន៍ និងកសាងសមត្ថភាព ពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេស ដល់មន្ដ្រីមានសមត្ថកិច្ច​ ហើយជាមួយនឹងការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ របស់វាគ្មិនជំនាញៗ មកពីបណ្ដាក្រុមហ៊ុនល្បីៗទៀតផងដែរ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា សង្ឃឹមថា សិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ពិតជាប្រឹងប្រែងត្រងត្រាបចាប់យកនូវបទពិសោធន៍ទាំងអស់នេះ ដើម្បីធ្វើការអនុវត្តន៍ជាមួយនឹងភារកិច្ចជាក់ស្ដែងរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងលទ្ធផលល្អប្រសើរជាក់ជាមិនខានឡើយ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ក៏បានស្នើដល់សិក្ខាកាមទាំងអស់ដែលចូលរួម ត្រូវខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង និងបទសោធន៍ ដើម្បីទៅអនុវត្តការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ តាមក្របខណ្ឌ និងដែនសមត្ថកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់៕​