(ភ្នំពេញ)៖ អ្នកនិយមអានសៀវភៅទាំងឡាយ នឹងឡើងរាសីខ្ពស់នៅចុងឆ្នាំ២០១៨នេះ ពីព្រោះតែសៀវភៅរាប់ម៉ឺនក្បាលនឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ។ សៀវភៅក្រមង៉ុយ សៀវភៅអ៊ូ ចុង និងសៀវភៅស្រីហិតោបទេស ដែលសុទ្ធតែជាសៀវភៅបែបអប់រំទាំងផ្លូវកាយ និងផ្លូវចិត្ត ទូន្មានប្រៀនប្រដៅ ជំនួយដល់ការអប់រំផ្នែកសីលធម៌ និងប្រមូលផ្តុំទៅដោយទស្សនៈល្អៗនោះ នឹងចែកជូនប្រជាពលរដ្ឋគ្រប់រូបដែលនិយមអានសៀវភៅ នៅឯពិធីតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិ ចាប់ពីថ្ងៃទី៧-៩ ខែធ្នូ ខាងមុខនេះ។

លោក ឌី វិជ្ជា ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលជាអ្នករៀបចំចែកចាយសៀវភៅទាំង៣ចំណងជើងខាងលើ បានឱ្យដឹងថា «ការចែកជូនសៀវភៅទាំងនេះ ជាបំណងល្អរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដើម្បីលើកស្ទួយ និងជំរុញវិស័យអំណាននៅកម្ពុជាឱ្យកាន់តែផុសផុល ព្រោះលោកចង់ឱ្យពលរដ្ឋខ្មែរមានចំណេះដឹងកាន់តែទូលំទូលាយ និងជ្រៅជ្រះ ដើម្បីជួយចូលរួមកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត»។

លោក ឌី វិជ្ជា បានបង្ហាញការរំពឹងទុកថា ប្រជាពលរដ្ឋដែលទទួលបានសៀវភៅទាំងអស់ ពេលត្រឡប់ទៅគេហដ្ឋានវិញ ប្រកបដោយចំណេះដឹងបន្ថែម និងសង្ឃឹមថានឹងមានឱកាសកាន់តែប្រសើរ ក្នុងការប្រកបការងារសព្វបែបយ៉ាងសម្រាប់ឆ្នាំបន្តបន្ទាប់ ព្រោះថាសៀវភៅទាំងនេះ អាចជាទុនមួយជួយដល់ការផ្លាស់ប្តូរឥរិយាបទ និងការគិតគូរនានា ដែលនាំទៅដល់ភាពរីកចម្រើនក្នុងជីវភាពគ្រួសារ។

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ាប្រចាំប្រទេសកម្ពុជា និងជាប្រធានសមាគមបណ្ណាល័យកម្ពុជា បានលើកឡើងថា «មិនដែលមានមេដឹកនាំរូបណា ធ្លាប់ចែកសៀវភៅដោយមិនគិតថ្លៃ ដល់អ្នកនិយមអាននោះឡើយ។ នេះជាលើកទី១ ហើយក៏ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមេដឹកនាំបានបង្ហាញពីឆន្ទៈដ៏ធំធេង ដើម្បីជំរុញដល់ការអានដែលជាកំណប់ទ្រព្យចំណេះវិជ្ជាមិនចេះរីងស្ងួត»។

កាលពីចុងឆ្នាំ២០១៧ មានអ្នកចូលរួមតាំងពិព័រណ៍សៀវភៅចំនួន ៥ម៉ឺន១ពាន់នាក់ ហើយសង្ឃឹមថា នៅឆ្នាំ២០១៨នេះ ចំនួនអ្នកចូលរួមមិនតិចជាង៥ម៉ឺននាក់ទេ ដែលនឹងមានវាសនាទទួលអំណោយសៀវភៅ ពីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការនាំលាភសំណាងមួយមុនចូលឆ្នាំថ្មី៕