(ចិន)៖ អ្នកជំនាញជនជាតិចិន បានបង្ហើយការងារសាងសង់ផ្លូវរថភ្លើងកាត់ភ្នំមួយកន្លែងទៀតហើយ កាលពីសប្តាហ៍មុន។ ផ្លូវរថភ្លើងមួយកំណាត់នេះ មានឈ្មោះថា យូស៊ី-ម៉ូហាន (Yuxi-Mohan) ដែលមានប្រវែង៥០៨គីឡូម៉ែត ដែលផ្គត់ផ្គង់ថវិការួមដោយប្រទេសចិន និងប្រទេសឡាវ។

ជាផ្នែកមួយនៃផ្លូវរថភ្លើងមួយខ្សែនេះ រូងផ្លូវកាត់ភ្នំនៅឯតំបន់ ហ័ងជូលីន (Huangzhulin) បានចាប់ផ្ដើមសាងសង់ឡើង កាលពីឆ្នាំ២០១៦។ រូងផ្លូវនេះ បែងចែកទៅជាបីចំណែក ដោយផ្នែកនីមួយត្រូវពុះកាត់ភ្នំ និងស្ថិតនៅលើចំនុចកោងនៃភ្នំ ដែលងាយនឹងបាក់ស្រុត។

តំបន់ដ៏ដាច់ស្រយាលដែលរូងផ្លូវនេះ ត្រូវពុះកាត់នោះ ក៏ជាតំបន់ទេសភាពធម្មជាតិដ៏សំខាន់ផងដែរ។ ក្រៅពីត្រូវដោះស្រាយបញ្ហាផ្នែកវិស្វកម្ម ដើម្បីការពារបញ្ហាបាក់ស្រុត និងការពារពីគ្រោះធម្មជាតិផ្សេងៗទៀតទៅ ក្រុមអ្នកសាងសង់ផ្លូវ ក៏ត្រូវគិតគូរយ៉ាងម៉ត់ចត់ទៅលើការងារការពារធម្មជាតិផងដែរ។

លោក ចឹង សៀនឆាន ប្រធានគ្រប់គ្រងគម្រោង និយាយថា «ផ្លូវរថភ្លើងមួយខ្សែនេះ ត្រូវពុះកាត់តំបន់ការពារដំរីព្រៃ ស៊ីស៊័ងប៉ាណា និងចំការតែជាច្រើនកន្លែងទៀត ដែលបង្ករអោយមានសំពាធយ៉ាងខ្លាំងដល់បរិស្ថាននៅទីនេះ។ ដូច្នេះ យើងបានខិតខំកាត់បន្ថយកម្រិតសំឡេង ដែលលាន់ចេញពីការដ្ឋាន និងកាត់បន្ថយបញ្ហាហុយដីពេលសាងសង់ ដើម្បីធ្វើអោយការងាររបស់យើង ជះឥទ្ធិពលតិចតួចបំផុត ទៅលើបរិស្ថាននៅទីនេះ។ ដោយហេតុថាតំបន់ដែលនៅក្បែរនេះ មានដំរីព្រៃឆ្លងកាត់ម្ដងម្កាល យើងក៏បានធ្វើរបងការពារដែលមានប្រវែងជាង៦គីឡូម៉ែត ដើម្បីកុំអោយរំខានដល់សត្វទាំងនោះ។ ទៅថ្ងៃមុខ យើងនឹងធ្វើរបងបន្ថែម ប្រវែង៣០គីឡូម៉ែតទៀត»។

ផ្លូវរថភ្លើង ចិន-ឡាវ គឺជាកំណាត់ផ្លូវឆ្លងប្រទេសទីមួយដែលតភ្ជាប់ជាមួយនឹងកំណាត់ផ្លូវដែករបស់ប្រទេសចិន។ ផ្លូវមួយខ្សែនេះ ប្រើបច្ចេកវិទ្យា ឧបករណ៍ និងថវិកាវិនិយោគរបស់ប្រទេសចិន។ គម្រោងនេះ ត្រូវបានលើកស្ទួយដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីដើរតួជាមធ្យោបាយមួយសម្រាប់ចាប់ផ្ដើម គម្រោងតភ្ជាប់ប្រទេសនិងប្រទេស ដែលស្ថិតក្រោមគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់ប្រទេសចិន៕ (សារព័ត៌មាន CCTV របស់ចិន)