(ចិន)៖ កសិករនៅតំបន់ គ័ងស៊ី (Guangxi) ភាគខាងត្បូងប្រទេសចិន បានងាកមកប្រើបច្ចេកវិទ្យាថ្មីៗ សម្រាប់គ្រប់គ្រងចំការ និងបង្កើនភាពច្បាស់លាស់នៃការដាំដំណាំ។ ធ្វើបែបនេះ ម្ចាស់កសិដ្ឋាន អាចកាត់បន្ថយការចំណាយទៅលើធនធាន ថាមពល និងកម្មករផងដែរ។

តំបន់ គ័ងស៊ី ស្ថិតក្នុងចំណោមតំបន់ដាំចេកដ៏ធំបំផុតនៅប្រទេសចិន។ នៅឯកសិដ្ឋានចេកមួយដែលមានទំហំ៣០០ហិចតា គេត្រូវការមនុស្សត្រឹមម្នាក់ និង កម្មវិធីតែមួយប៉ុណ្ណោះនៅក្នុងទូរស័ព្ទដៃ ដើម្បីគ្រប់គ្រងកសិដ្ឋានទាំងមូល។ វាជារឿងដែលមិនអាចធ្វើទៅរួចនោះទេ កាលពីសម័យមុន។

លោក តឹង នីង អ្នកគ្រប់គ្រង ចំការចេក និយាយថា «កិច្ចការទីមួយដែលខ្ញុំធ្វើប្រចាំថ្ងៃនោះ គឺមិនមែនដើរមកចំការនោះទេ។ គឺខ្ញុំឆែកមើលសារដែលមាននៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំវិញ។ ដោយគ្រាន់តែប្រើកម្មវិធីក្នុងទូរស័ព្ទ ខ្ញុំអាចដឹងថា ដីនៅផ្នែកណាខ្លះដែលត្រូវការឲ្យយើងស្រោចទឹក ហើយដីណាខ្លះដែលត្រូវការដាក់ជី។ ខ្ញុំអាចសម្រេចកិច្ចការនេះបាន ដោយគ្រាន់តែបញ្ជាពីទូរស័ព្ទតែប៉ុណ្ណោះ! វាពិតជាងាយណាស់។ ដូច្នេះបើសិនជាមិនមានការអ្វីចាំបាច់ទេនោះ ខ្ញុំមិនចាំបាច់ដើរមកចំការនោះទេ»។

ក្រុមដែលនៅពីក្រោយសុហ្វវែរនេះ បានបញ្ចូលបច្ចេកវិទ្យាទំនើបៗ និង បំពាក់ប្រព័ន្ធចាប់ចលនា ឬ ស៊ែនស័រ ព្រមទាំងប្រព័ន្ធផ្ទុកទិន្នន័យក្នុងលំហរអាកាស ឬ ក្លោដ ដ៏ឆ្លាតវៃ ដើម្បីធ្វើឲ្យកម្មវិធីដែលគេបានសរសេរឡើងអាចយកទៅប្រើបាន ច្រើនកាលៈទេសៈ។

លោក វឹន ពែវថាង ប្រធានក្រុមប្រឹក្សា ក្រុមហ៊ុន Guangxi Jiejiarun Technology Co., Ltd. និយាយថា «យើងអាចមើលឃើញដោយផ្ទាល់អំពីស្ថានភាពនៃដីគ្រប់ផ្នែកតែម្ដង ដូចជាកម្រិតសើម និង សីតុណ្ហភាពនៃដីជាដើម។ យើងបានបង្កើតក្បួនមួយដ៏ស្មុគស្មាញ ដើម្បីគណនាឲ្យដឹងថាតើដំណាំមួយ ត្រូវការសារធាតុចិញ្ចឹមប៉ុន្មាន ដូចជាធាតុនីដ្រូហ្ស៊ែន ធាតុផូរស្វ័រ ប៉ូតាស្យូម និង ធាតុផ្សេងៗទៀតដែលមានកំហាប់ទាប ចំនួនប៉ុន្មានក្រាមនៅក្នុងមួយថ្ងៃ។ បន្ទាប់មក យើងអាចដាក់សារធាតុចិញ្ចឹមទៅតាមតម្រូវការជាក់ស្ដែងរបស់ដំណាំនោះ នៅគ្រប់ដំណាក់កាលតែម្ដង»។

បច្ចេកវិទ្យានេះធ្វើឲ្យគេអាចដាំដំណាំបានយ៉ាងច្បាស់លាស់ ដោយសន្សំសំចែថាមពលនិងធនធានផ្សេងៗ។

លោក ជិន វ័យគ័ង កសិករម្នាក់ និយាយថា «យើងអាចសន្សំសំចៃទឹក បានដល់ទៅជាង៥០ភាគរយ និងសន្សំជីបានជាង៣០ភាគរយ ហើយក៏សន្សំលើថ្លៃពលកម្មរបស់កម្មករដែរ។ កាលពីមុន មនុស្សម្នាក់អាចមើលការខុសត្រូវចំការ បានត្រឹមតែ២ហិចតាប៉ុណ្ណោះ។ តែឥឡូវ យើងអាចកាត់បន្ថយការចំណាយ បានដល់ទៅ២៦០០ដុល្លារអាមេរិកឯណោះ នៅក្នុងដីមួយហិចតា»។

ចំការប្រហែល៣ម៉ឺន៣ពាន់ហិចតានៅតំបន់គ័ងស៊ី កំពុងប្រើបច្ចេកវិទ្យានេះ។ វិធីដាំដំណាំដ៏ច្បាស់លាស់ កាត់បន្ថយការបំពុលបរិយាកាសតាមរយៈការកាត់បន្ថយពេលវេលាដែលអ្នកយាមចំការត្រូវចំណាយ សម្រាប់ដើរត្រួតពិនិត្យមើលដំណាំ និងតាមរយៈការធានាបានថា ដំណាំនីមួយៗ ទទួលបានចំនីអាហារនិងសារធាតុចិញ្ចឹម ដែលវាត្រូវការបានយ៉ាងត្រឹមត្រូវ ជាហេតុនាំឲ្យដំណាំនោះ មានគុណភាពកាន់តែល្អ។

ដោយហេតុថាបច្ចេកវិទ្យាថ្មីៗ កំពុងមានកសិករយកទៅប្រើទូទាំងប្រទេសចិន វិស័យកសិកម្មនៅទីនេះ នឹងទទួលបានទិន្នផលកាន់តែខ្ពស់ ដោយកាត់បន្ថយការបំពុលបរិយាកាស ព្រមទាំងសន្សំថាមពល និង ធនធានផ្សេងៗផងដែរ៕ (សារព័ត៌មាន CCTV របស់ចិន)