(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និងវិទ្យុសកម្មថ្មី បានដឹកនាំកិច្ចប្រជុំអាជ្ញាធរជាតិអាវុធគីមី ជាលើកដំបូង បន្ទាប់ពីលោកចូលកាន់តំណែង។

កិច្ចប្រជុំលើកដំបូងនេះ បានធ្វើឡើង នៅសាលប្រជុំ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អគ្គលេខាធិការ នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និងវិទ្យុសកម្ម យ៉ាងច្រើនកុះករផងដែរ។

នៅក្នុងកិច្ចប្រជុំនោះ លោកនាយឧត្តមសេនីយ៍ ក៏បានជំរុញឱ្យមន្រ្តីទាំងអស់បន្តយកចិត្តទុកដាក់ ក្នុងការបំពេញការងារ ដើម្បីជំរុញឱ្យ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និងវិទ្យុសកម្ម របស់ក្រសួងការពារជាតិបន្តជោគជ័យ នៅក្នុងអាណត្តិថ្មីបន្តទៀត។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ផន ណារ៉ា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា អគ្គលេខាធិការនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី ជំនួសនាយឧត្តមសេនីយ៍ ជ័យ សុន ដែលជាប់ជាតំណាងរាស្ដ្រ សម្រាប់រដ្ឋសភា នីតិកាលទី០៦នេះ៕