(កំពង់ចាម)៖ ​លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តីក្រោមបង្គាប់ នៃការិយាល័យបុគ្គលិក ប្រជុំស្តីពីការផ្សព្វផ្សាយណែនាំ ស្តីពីនីតិវិធី​ដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ​២០១៨​-​២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ក្នុងប្រជុំនេះ ក៏មានការចូលរួមពី​លោក ស្នងការរងទទួលផែនការងារធនធានមនុស្ស លោកនាយ នាយរង ការិយាល័យ​បុគ្គលិក និងមន្ត្រីជាច្រើនទៀត។

ថ្លែងក្នុងឱកាសប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ​បានដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទធ្វើការផ្សព្វផ្សាយ ដល់​ស្រុក ក្រុងទាំង១០​ អំពីដំណើរការប្រឡងប្រជែង​ជ្រើសរើស​ក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ​២០១៨ និងរៀបចំផែនការ ការពារ ត្រួតពិនិត្យ​​រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់​សម្រាប់ថ្ងៃប្រឡង។

សូមជម្រាបថា ការប្រឡង​នឹងត្រូវធ្វើឡើងនៅព្រឹក​​ថ្ងៃច័ន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅវិទ្យាល័យព្រះសីហនុ៕