(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយ ស្តីពីការសិក្សាគម្រោងសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេ សម្រាប់បណ្តាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹក ក្នុងក្រុងសៀមរាប ដោយសិក្សារួមគ្នារវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន Beijing Urban Construction Group Co., LTD ។

កិច្ចប្រជុំនេះ បានធ្វើនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខេត្តសៀមរាប ស្ថិតក្នុងអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោក ហេង រត្នពិសិដ្ឋ អគ្គនាយកសាធារណការ តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

គោលបំណងនៃកិច្ចប្រជុំគឺ៖ ណែនាំសាវតាគម្រោង និងណែនាំក្រុមការងារដើម្បីកិច្ចសហការបានល្អ, កំណត់ទំហំការងារ និងពេលវេលានៃការប្រមូលទិន្នន័យពាក់ព័ន្ធ និងការវិភាគបឋម, ពិភាក្សា សំណូមពរ និងការងារបន្ទាន់មួយចំនួន ធ្វើយ៉ាងណាឲ្យគម្រោង សិក្សាសមិទ្ធិលទ្ធភាព និងផែនការមេសម្រាប់បណ្តាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹក ក្នុងក្រុងសៀមរាបនេះ ចាប់ផ្តើមទៅដោយរលូន និងទទួលបានជោគជ័យ។

លោកអភិបាលរងបានថ្លែងថា ខេត្តសៀមរាប គឺជាទិសដៅទេសចរណ៍មួយដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រជាជនរស់នៅប្រមាណ ២៣៣,១៣៣គ្រួសារ ស្មើនឹង១,០៨៤,៥៦៣នាក់ និងមានភ្ញៀវទេសចរប្រមាណជាង ៣,៦៦៦,៥៩៥នាក់ជារៀងរាល់ឆ្នាំ។ រហូតមកដល់ពេលនេះ យើងពិនិត្យឃើញថា ខេត្តទេសចរណ៍មួយនេះ បានទទួលនូវការចាប់អារម្មណ៍ គាំទ្រពីសំណាក់ដៃគូរអភិវឌ្ឍន៍នានា ជាច្រើនដូចជា ADB, AFD, EDCF, World Bank និងក្រុមហ៊ុនវិនិយោគសាធារណចិន និងក្រុមហ៊ុនឯកជននានា ក្នុងការជួយអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យទឹកកខ្វក់ ទឹកស្អាត និងអនាម័យជាដើម។

លោកអគ្គនាយកសាធារណការ បានថ្លែងដែរថា បញ្ហាកង្វះប្រព័ន្ធលូ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ គឺជាបញ្ហាដ៏ធំមួយ សម្រាប់បណ្តាទីក្រុងនានា នៃប្រទេសកម្ពុជាដែលកំពុងជួបប្រទះ ហើយត្រូវការដោះស្រាយ និងគ្រប់គ្រងអោយបានសមស្រប និងជាបន្ទាន់ផងដែរ។

គួរបញ្ជាក់ផងដែរថា៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើបញ្ហាទឹកកខ្វក់ ទឹកសំណល់ក្នុងទីក្រុង និងបានផ្តោតការយកចិត្តទុកដាក់ ទៅលើការស្វែងរកនូវដំណោះស្រាយ និងយុទ្ធសាស្ត្រនៃការគ្រប់គ្រង បញ្ហាទឹកកខ្វក់នេះ ឲ្យមានប្រសិទ្ធិភាព ដោយស្នើឲ្យមានការសហការ ពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងដៃគូរអភិវឌ្ឍន៍ ឯកជន អង្គការជាតិ និងអន្តរជាតិ។

ជាក់ស្តែងកិច្ចប្រជុំថ្ងៃនេះ ត្រូវបានចាប់ផ្តើមក្រោយពីមាន ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើគម្រោងសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេសម្រាប់បណ្តាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកក្នុងក្រុងចំនួន៣គឺ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងតាខ្មៅ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ប៉េជីង អឺបេន ខនស្ត្រាក់សិន គ្រុប ខូអិលធីឌី BUCG Co.,Ltd ។

យោងតាមគោលដៅអភិវឌ្ឍសហវត្សកម្ពុជា មុនឆ្នាំ២០២៥ (Cambodia Millennium Development Goal 2025) គឺត្រូវសម្រេចឲ្យបាន៨៨% សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង និង៨០% សម្រាប់ប្រជាពលរដ្ឋរស់នៅតាមជនបទ ត្រូវមានប្រព័ន្ធអនាម័យប្រើប្រាស់បានល្អប្រសើរ។

ជាចុងបញ្ចប់លោកអភិបាលរង បានស្នើឲ្យមន្ទីរពាក់ព័ន្ធជួយសហការឲ្យបានជិតស្និតជាមួយក្រុមហ៊ុន ក្នុងការប្រមូលទិន្នន័យ និងណែនាំបច្ចេកទេស ធ្វើយ៉ាងណាគិតពីសុវត្ថិភាពជាចម្បង៕