(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញរៀបចំពិធីប្រកាសគណៈកម្មាធិការ ជំរឿនខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ ឆ្នាំ២០១៩។ អភិបាលខេត្តជំរុញអ្នកពាក់ព័ន្ធធ្វើជំរឿនប្រជាជន ឆ្នាំ២០១៩ ត្រូវយកចិត្តទុកដាក់បំពេញ ការងារឱ្យទាន់ពេលវេលា តាមផែនការសកម្មភាពដែលបានគ្រោង ដើម្បីទទួលបានជោគជ័យ ប្រកបដោយគុណភាពខ្ពស់។

ពិធីនេះ ប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសណាក់អភិបាលរងខេត្ត មន្ទីរអង្គភាពនៅជុំវិញខេត្ត មន្ត្រីរាជការ អភិបាលក្រុង-ស្រុក-មេឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធប្រមាណ៣០០នាក់។

ថ្លែងនៅឱកាសនោះ​លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ជំរឿនគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ជាតិ និងបានធ្វើឡើងចំនួន ៣លើកកន្លងមកហើយ គឺជំរឿនប្រជាជននៅឆ្នាំ១៩៦២ ហើយត្រូវបានអាក់ខានរយៈពេល៣៦ឆ្នាំ ដែលបណ្ដាលមកពីស្ថានភាពច្របូកច្របល់ នៃសង្រ្គាម អសន្តិសុខសង្គមនៅក្នុងប្រទេសកម្ពុជា​លើកទី២ នៅខែមីនា ឆ្នាំ១៩៩៨ លើកទី៣នៅ ខែមីនា ឆ្នាំ២០០៨ និងលើកទី៤ នឹងត្រូវធ្វើជំរឿននៅ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ដោយធ្វើការប្រមូលយកព័ត៌មានមូលដ្ឋានអំពីប្រជាសាស្ត្រ សេដ្ឋកិច្ចសង្គម វប្បធម៌មនុស្សម្នាក់ៗ។

លោក ជាម ច័ន្ទសោភ័ណ បានបន្តថា ចំណែកគណៈកម្មាធិការជំរឿនខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ ធ្វើការត្រួតពិនិត្យដំណើរ ការជំរឿន នៅខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់របស់ខ្លួន និងធ្វើការសម្របសម្រួលគ្រប់សកម្មភាពជំរឿន។ ជាងនេះទៅទៀតនោះ សូមសហការជាមួយមន្ទីរ អង្គភាពជំនាញ ការងារធ្វើជំរឿនឱ្យបានល្អ ចំពោះការធ្វើជំរឿនគ្រួសារស្ថាប័នដូចជា៖ ការធ្វើជំរឿននៅតាមមន្ទីរពេទ្យសណ្ឋារគារ ផ្ទះសំណាក់ ពន្ធនាគារ រោងចក្រសហគ្រាស និងអង្គភាពសាធារណៈនានា ដើម្បីអោយការធ្វើជំរឿននេះទទួលបានដោយជោគជ័យ។

លោកបានគូសបញ្ជាក់ថា​ជាទូទៅគឺមានតែការធ្វើជំរឿនប្រជាជនទេ​ដែលអាចឱ្យយើងទទួលបានទិន្នន័យប្រជាសាស្រ្តពិតប្រាកដ របស់ប្រទេស និងជួយឱ្យរដ្ឋាភិបាលអាចរៀបចំ តាក់តែងគោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឱ្យទទួលបានតុល្យភាពនៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋ។ ជំរឿនប្រជាជន គឺអនុវត្តលើវិសាលភាពពេញផ្ទៃប្រទេសដែលអាចផ្ដល់ព័ត៌មាន អំពីប្រជាជនក្នុងមូលដ្ឋានរហូតដល់តាមឋានានុក្រម នៃកម្រិតរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាតម្រូវការមិនអាចមានប្រភពទិន្នន័យណាមកជំនួសបាន។

លោកអភិបាលខេត្ត បានបន្ថែមថា ជាពិសសការអនុវត្តការងារចាត់ចែងតម្រូវការធនធានមនុស្ស ការកំណត់ទីកន្លែង សម្រាប់ការអនុវត្ត យុទ្ធសាស្រ្តឃោសនា ពីជំរឿនប្រជាជនបណ្ដុះបណ្ដាលមន្រ្តីសម្ភាសន៍ មន្រ្តីត្រួតពិនិត្យជំរឿន ការត្រួតពិនិត្យការងារ នៅមូលដ្ឋានការប្រមូលបញ្ជីសំណួរជំរឿនបំពេញរួច និងការទាក់ទងផ្សេងៗទៀត។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា​ត្រូវបានតែងតាំងដោយអនុក្រឹត្យដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ចំណែកឯគណៈកម្មាធិការបច្ចេកទេសជំរឿន ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ដោយឡែកក្នុងសេចក្តីសម្រេចស្តីពី «ការបង្កើតគណៈកម្មាធិការជំរឿន» ទូទៅនៅខេត្តត្បូងឃ្មុំ មានសមាសភាពចំនួន១៥រូប ដោយក្នុងនោះ មានលោក ជាម​ច័ន្ទសោភ័ណ​ជាប្រធាន៕