(កំពង់ឆ្នាំង)៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាឯកភាពខេត្ត បានផ្តាំផ្ញើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងធានាសុវត្ថិភាពជូនកុមារ ដែលម្តាយបានចេញទៅធ្វើការឆ្ងាយ ហើយធ្វើយ៉ាងណាជួយឲ្យកុមារក្រីក្រ បានចូលរៀនបានគ្រប់ៗគ្នា។

បើតាមលោកអភិបាលខេត្ត ក្នុងករណីដោះស្រាយ មិនបាននៅមូលដ្ឋាន ត្រូវរាយការណ៍ជូនមកខេត្តឲ្យបានទាន់ពេល មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ គ្មានបាយហូប និងកុមារមិនបានចូលសាលារៀនឡើយ។

លោកបានជំរុញបែបនេះ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការគ្រប់គ្រងដីរដ្ឋខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសមាជិក គណៈកម្មការអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុកទាំង៨ ក្នុងខេត្តផងដែរ។

លោក ឈួរ ច័ន្ទឌឿន ក៏បានថ្លែងជំរុញឲ្យអង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវទទួលខុសត្រូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អ តាមតួនាទី និងភាកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាល ក្រសួងសាម៉ី និងរដ្ឋបាលខេត្តបានប្រគល់ឲ្យ។

លោក ឈួរ ច័ន្ទឌឿន បានថ្លែងបន្តថា អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តន៍តួនាទី ភារកិច្ចឲ្យបានល្អ មានផែនការ វិធានការស្របតាមច្បាប់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើស ខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់។ ជាពិសេសត្រូវអប់រំ និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ឲ្យយល់ច្បាស់ពីច្បាប់ផ្សេងៗរបស់រដ្ឋ ដើម្បីធានាមិនឲ្យកើតមានបទល្មើសក្នុងមូលដ្ឋានទទួលខុសត្រូវ របស់ខ្លួន៕