(ឡាវ)៖ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ នៅរសៀលថ្ងៃទី០៥ ខែធ្នូ​ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានចូលពិភាក្សាការងារជាមួយ លោក ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) ប្រធានរដ្ឋឡាវ។

សូមជម្រាបថា តបតាមការអញ្ជើញរបស់លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ, សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទសឡាវ រយៈពេល២ថ្ងៃ ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៨។

​ក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ចូលជួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយលោក ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) ប្រធានរដ្ឋឡាវ និងលោកស្រី ប៉ានី យ៉ាថទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិឡាវផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ជួបពិភាក្សាទ្វេភាគីជាមួយ លោក ថងលូន ស៊ីសូលីត ដើម្បីពិភាក្សារិះរកលទ្ធភាពក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ ដើម្បីនាំមកនូវផលប្រយោជន៍ ពិតប្រាកដសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងផលប្រយោជន៍ទៅវិញទៅមកផងដែរ។

ក្រសួងការបរទេស បានបន្ដទៀតថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងវៀងច័ន្ទ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញដាក់កម្រងផ្កា នៅស្តូបអនុស្សាវរីយ៍វីរៈយុទ្ធជនពលី៕