(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុនផលិត និងចែកចាយទឹកពិសាគុណភាពខ្ពស់ ឈានមុខគេក្នុងប្រទេសកម្ពុជា និងល្បីល្បាញលើសកម្មភាពសប្បុរសធម៌ បានត្រឡប់មកជាថ្មីម្ដងទៀត ជាមួយកម្មវិធីមួយទៀតប្លែក ដោយធ្វើការនាំយកនូវអំពូលប្រើប្រាស់ ដោយពន្លឺព្រះអាទិត្យចំនួនជិត២០០គ្រឿង និងអំណោយទៅចែកជូនដល់សិស្សានុសិស្ស ជនជាតិភាគតិច ក្នុងតំបន់ដាច់ស្រយាល នៃខេត្តមណ្ឌលគីរី សម្រាប់ការប្រើប្រាស់រៀនសូត្រនាពេលរាត្រី។

លោកស្រី កូវ ច័ន្ទនិច ជាបុគ្គលិកពាណិជ្ជសញ្ញាវីតាល់ រៀបរាប់ទាំងអារម្មណ៍ រីករាយបានបញ្ជាក់ថា វីតាល់ ពិតជាក្ដីសោមនស្សរីករាយជាខ្លាំង ដែលបាននាំយកនូវមូលនិធី ២៥រៀល មកប្រើប្រាស់ជាថ្មីម្ដងទៀត លើសកម្មភាពមនុស្សធម៌មួយនេះ ពោលគឺការចែកនូវអំពូល សាកថ្មដោយពន្លឺព្រះអាទិត្យ ដល់សិស្សានុសិស្សកម្រិត បឋមភូមិ និងទុតិយភូមិជាជនជាតិភាគតិច។ មូលហេតុដែលវីតាល់បង្កើតនូវសកម្មភាពមួយនេះឡើង គឺដោយសារយើងបានមើលឃើញពីកង្វះខាតភ្លើង អគ្គិសនីជាក់ស្ដែង ដែលប្អូនៗសិស្សានុសិស្ស កំពុងតែជួបប្រទះ និងដើម្បីលើកកម្ពស់ការរៀនសូត្រ របស់ប្អូនៗនាពេលរាត្រី។

លោកស្រី ក៏បានបញ្ជាក់ទៀតផងដែរថា ក្នុងដំណើរដ៏វែងឆ្ងាយពីក្រុងភ្នំពេញ និងប្រមាណជាង៤០គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ គឺវិតាល់បានទៅកាន់ទីតាំង២កន្លែង ផ្សេងគ្នាគឺ វិទ្យាល័យអូររាំង និងអនុវិទ្យាល័យម៉េម៉ង់។ ស្របក្នុងឱកាសនេះផងដែរ វីតាល់ ពុំមែននាំយកតែអំពូលនេះប៉ុណ្ណោះទេ ដោយយើងបានអោបក្រសោប មកជាមួយ អំណោយជាសម្ភារសិក្សា និងថវិកាមួយចំនួន ដើម្បីលើកទឹកចិត្តដល់ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សគ្រប់រូបក្នុងឱកាសបើកបេវសនកាលឆ្នាំសិក្សាថ្មី និងមួយចំណែកទៀត គឺប្រគល់ជូនសម្រាប់ការប្រើប្រាស់ ជារួមក្នុងការកសាងសាលារៀន។

កម្មវិធីលើកនេះ ពុំមែនត្រឹមតែជាកម្មវិធី សប្បុរសធម៌តែមួយនោះទេ គឺវីតាល់មានបំនងចង់លើកស្ទួយវិស័យអប់រំ ដែលជាថ្នាលបណ្ដុះបណ្ដាលប្អូនៗ សិស្សានុសិស្សជំនាន់ក្រោយ ដើម្បីជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ នាពេលអនាគតផងដែរ។

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនវីតាល់ បានថ្លែងថា នេះជាសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌មួយថ្មីទៀត ដែលវីតាល់បានធ្វើឡើង ស្របពេលដែលក្រុមហ៊ុនឯកជនដទៃទៀត ទាំងក្នុងវិស័យ និងក្រៅវិស័យពុំបានគិតគូរដល់ការលំបាក និងតម្រូវការរបស់ពួកគាត់។

លោកបន្តទៀតថា នេះមិនមែនជាលើកទីមួយទេ សម្រាប់វីតាល់ ចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌បែបនេះ គឺយើងតែងតែព្យាយាមពាំនាំ នូវមូលនិធិទៅប្រើប្រាស់ បន្តបន្ទាប់នៅតាមទីកន្លែងផ្សេងៗគ្នា ជាមួយនឹងសកម្មភាពថ្មីៗ និងប្លែកដែលយើងតែងតែស្វែងរកនូវទីតាំង ខ្វះខាត និងសិក្សាពីតម្រូវការជាចាំបាច់ជាក់ស្ដែង។

លោកក៏បានថ្លែងអំណរគុណ ដល់លោកនាយកសាលាទាំងពីររូប ដែលបានចួលរួម ជួយសម្របសម្រួល និងអនុញ្ញាតឱ្យវីតាល់បង្កើត ឲ្យមានកម្មវិធីនេះកើតមានឡើង យ៉ាងរលូនប្រកបដោយភាពជោគជ័យ ។

លោកនាយកអនុវិទ្យាល័យម៉េម៉ង បានថ្លែងអំណរគុណ និងមានមតិលើកឡើងថា «ការឧបត្ថម្ភនេះ ពិតជាមានគុណតម្លៃ ដែលមិនអាចកាត់ថ្លៃ បានសម្រាប់កូនសិស្សានុសិស្សភាគតិច ជិត២០០នាក់ ដែលរស់នៅក្នុងតំបន់ ដោយសារតែពួកគាត់ខ្វះខាត នូវភ្លើងអគ្គិសនីប្រើប្រាស់នាពេលយប់។ យ៉ាងណាមិញវា បានជួយសម្រួលដល់ការសិក្សា របស់ពួកគាត់នាពេលរាត្រីផងដែរ»។

លោកពិតជាអរគុណជាខ្លាំង សម្រាប់ការស្វះស្វែងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ ក្នុងដំណើរឆ្លងកាត់ព្រៃភ្នំ ជាមួយស្ថានភាពផ្លូវដ៏លំបាក់ដោយនាំយកសម្ភារទាំងអស់នេះ មកដល់ទីតាំងយើងខ្ញុំ។ លោកបន្តទៀតថា ការចូលរួមនេះរបស់វីតាល់បានឆ្លុះបញ្ចាំងនូវវប្បធម៌ ចែករំលែកដ៏ប្រពៃ និងការគិតគូរយ៉ាងខ្ជាប់ខ្ជួនក្នុងវិស័យមនុស្សធម៌ និងសប្បុរសធម៌ដែលក្រុមហ៊ុនដទៃ គួរយកចិត្តទុកដាក់ចូលរួម ជាក់ស្ដែងដូចអ្វីដែលវីតាល់កំពុងធ្វើនៅទីនេះ។

គួរបញ្ជាក់ផងដែរថា ទស្សនវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌ កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិង ផ្សព្វផ្សាយ កម្មវិធីសប្បុរសធម៍នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ ។ វីតាល់ប្តេជ្ញាថា នឹងយកកញ្ចប់ថវិកាសប្បុរសធម៌ ដែលបានចូល រួមពីអតិថិជនទាំងអស់ទៅធ្វើ កម្មវិធីសប្បុរសធម៌ជាច្រើនបន្ថែមទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។ ដូច្នេះសូមចងចាំថា គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែក នៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»៕