(កោះកុង)៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៨) រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងមន្ត្រីរាជការគ្រប់ស្ថាប័នជុំវិញខេត្ត និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋរាប់រយនាក់ទៀតផង។

លោកស្រី មិថុនា ភូថង បានឡើងអានសុន្ទរកថា របស់សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា អបអរសាទរខួបលើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនប្រជាពលរដ្ឋ ដែលមកចូលរួមបានសណ្តាប់ និងបានយល់កាន់តែច្បាប់ពីថ្ងៃកំណើត រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា តាំងពីបាតដៃទទេ រហូតមានការរីកចំរើន គ្រប់វិស័យក្នុងពេលបច្ចុប្បន្ននេះ។

លោកស្រី មិថុនា ភូថង បានថ្លែងបញ្ជាក់ថា ស្មារតី២ធ្នូ និងស្មារតី៧មករា នៅតែមានដក់ជាប់ក្នុងក្រអៅបេះដូង របស់ប្រជាជនកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅកម្លាំងសាមគ្គីដ៏ធំធេង ក្នុងការបង្កើតឡើងនូវសមិទ្ធលនានា លើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយពន្លឺនៃសន្តិភាពនិង សេរីភាព កម្ពុជាយើងមានការអភិវឌ្ឍលើគ្រប់វិស័យ សមិទ្ធផលធំៗជាច្រើនរីកស្កុះស្គាយពេញផ្ទៃប្រទេស។ ទាំងនេះហើយជាកញ្ចក់ឆ្លុះបញ្ចាំង ឲ្យឃើញពីសមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀត ដែលកើតឡើងនៅក្នុងឆ្នាំ២០១៩ និងឆ្នាំខាងមុខបន្តបន្ទាប់ទៀត៕