(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (ហត្ថាកសិករ) បានចាប់ផ្តើមការជួញដូរសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួន ដែលមានឈ្មោះថា «សញ្ញាបណ្ណសាជីវកម្ម ដំបូងបំផុតនៅកម្ពុជា លេខ១» នៅផ្សារមូលបត្រកម្ពុជា។

បន្ទាប់ពីការចុះបញ្ជីលក់ជាផ្លូវការ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ វិនិយោគិនរូបវន្តបុគ្គល អាចដាក់សំណើទិញ ឬលក់ សញ្ញាបណ្ណនេះ តាមរយៈឈ្មួញជើងសាមូលបត្ររបស់ខ្លួន ដែលដំណើរការនៃការជួញដូរនេះ ប្រហាក់ប្រហែលនឹងដំណើរការ នៃការជួញដូរមូលបត្រកម្មសិទ្ធិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

តម្លៃចារឹក ក្នុងមួយសញ្ញាបណ្ណ គឺ១០០,០០០រៀល ជាមួយនឹងអត្រាគូប៉ុង (អត្រាការប្រាក់) ៨.៥០% ក្នុងមួយឆ្នាំ។ តម្លៃនៃសញ្ញាបណ្ណ អាចនឹងប្រែប្រួលផ្អែកលើតម្រូវការទីផ្សារ (ទិញ និងលក់) និងអត្រាការប្រាក់ នៃផលិតផលដូចជាប្រាក់បញ្ញើមានកាលកំណត់ និងគណនីសន្សំ។

វិនិយោគិនសញ្ញាបណ្ណ អាចទទួលបានប្រាក់ចំនេញ ឬខាតមូលធន ដោយផ្អែកលើតម្លៃសញ្ញាបណ្ណ បន្ថែមលើការទទួលបាន អត្រាគូប៉ុង ៨.៥០% ក្នុងមួយឆ្នាំ (ទូទាត់រៀងរាល់ឆមាស) រហូតដល់ឥណប្រតិទាននៅឆ្នាំ ២០២១ (សញ្ញាបណ្ណនេះ មានរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១)។

ហត្ថាកសិករ បានបង្កើតនូវប្រវត្តិសាស្រ្ត ដោយបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម ដំបូងបំផុតនៅកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ ទំហំសរុប នៃការបោះផ្សាយ គឺ១២០ពាន់លានរៀល (ប្រហែល ៣០ លានដុល្លារអាមេរិក) ដោយមានការចូលរួម ធ្វើបរិវិសកម្មពីសំណាក់វិនិយោគិនស្ថាប័នក្នុងស្រុក និងក្រៅស្រុក។

ការដាក់ឲ្យដំណើរការទីផ្សារមូលបត្របំណុលនេះ នឹងផ្តល់នូវប្រភពមូលនិធិថ្មីមួយទៀត សម្រាប់ក្រុមហ៊ុនក្នុងស្រុក និងជាជម្រើសវិនិយោគថ្មីមួយទៀត សម្រាប់វិនិយោគិន។ ហត្ថាកសិករ រំពឹងថា សាច់ប្រាក់ដែលទទួលបាន ពីការបោះផ្សាយសញ្ញាបណ្ណ នឹងត្រូវប្រើប្រាស់ក្នុងការធ្វើហិរញ្ញប្បទានកំណើន នៃអាជីវកម្មឥណទាន រួមទាំងជាទុនបង្វិល និងសម្រាប់ចំណាយមូលធនរបស់ក្រុមហ៊ុន។

សាច់ប្រាក់ដែលទទួលបាន ពីការបោះផ្សាយសញ្ញាបណ្ណនេះ នឹងជួយគាំទ្រសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅតាមជនបទ ដែលរួមមានសហគ្រិនជាស្រ្តី នៅក្នុងកម្ពុជា។

ជាមួយនឹងការិយាល័យ និងបណ្តាញអេធីអឹមទូទាំងប្រទេសកម្ពុជា ហត្ថាកសិករ ផ្តល់ជូននូវផលិតផល និងសេវាហិរញ្ញវត្ថុ យ៉ាងសម្បូរបែបដល់អតិថិជនជាច្រើន រួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើសន្សំសេវាផ្ទេរ ប្រាក់ក្នុងស្រុក និងសេវាធនាគារចល័ត។ គិតត្រឹមឆ្នាំ ២០១៧ ប្រាក់ចំណេញសុទ្ធរបស់ហត្ថាកសិករ មានចំនួន ១៥.៣៦ លានដុល្លារអាមេរិក និងទ្រព្យសកម្មសរុបចំនួន ៦៩១,០១ លានដុល្លារអាមេរិក៕