(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបំបែកសំណុំរឿងជនជាតិចិន៧នាក់ ដែលចាប់បង្ខាំង និងធ្វើទារុណកម្មជនជាតិចិនដូចគ្នា២នាក់ ដោយខុសច្បាប់ នៅចំណុចក្រុម៤២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយដកហូតបានកាំភ្លើងខ្លីមួយដើម និងវត្ថុតាងមួយចំនួនទៀត។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ ករណីនេះកម្លាំងអាវុធហត្ថ របស់លោក បំបែកបាននៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រតិបត្តិការនោះដឹកនាំដោយ លោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្ដិធម៌ និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោក សៀង សុខ។

បើតាមលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនជាតិចិន០៩នាក់ ក្នុងជនរងគ្រោះ២នាក់ ជាជនជាតិចិនដូចគ្នា។ បន្ថែមពីនេះកម្លាំងជំនាញ ក៏ដកហូតបាន ​អាវុធខ្លីម៉ាក K59 មួយដើម, គ្រាប់០៤គ្រាប់ បង់០១, ទូរស័ព្ទចំនួន០៧គ្រឿង, ខ្នោះដែកចំនួន០១គូ, ដំបងជ័រ (គ្រលាស់ចេញដែក)​ចំនួន០២ និងសម្ភារ​មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និង​វត្ថុតាង​ការិយាល័យជំនាញបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕