(ភ្នំពេញ)៖ ក្រុមអ្នកជំនាញនៅកម្ពុជា បានបន្តបង្ហាញការព្រួយបារម្ភចំពោះការផ្សព្វផ្សាយមួយចំនួន នៅលើទំព័រសារព័ត៌មាន ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ស្រ្តី។

ការសម្តែងការព្រួយបារម្ភនេះ បានធ្វើឡើងក្នុងកម្មវិធីកិច្ចប្រជុំជាមួយបណ្តាញអ្នកសារព័ត៌មាន និងការបញ្រ្ជាបយេនឌ័រ ក្រោមប្រធានបទ៖ ការអនុវត្តក្រមប្រតិបត្តិសម្រាប់ការរាយការណ៍ ព័ត៌មានអំពីហិង្សាលើស្ត្រី នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ដែលរៀបចំដោយក្រសួងកិច្ចការនារី។

 លោកស្រី ប៉ែន រ៉ាវី តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានថ្លែងថា ការផ្សព្វផ្សាយព័ត៌មានអាចជាអាវុធមុខពីរ ដែលផ្សព្វផ្សាយដល់សាធារណជនឲ្យបានដឹងឮ ប៉ុន្តែពេលខ្លះបើអត់យកចិត្តទុកដាក់ឲ្យបានប្រុងប្រយ័ត្ន នៅពេលដែលសរសេរជាអក្សរ ឬក៏ដាក់រូបភាព ការបង្ហាញឈ្មោះ បង្ហាញអត្តសញ្ញាណរបស់ជនរងគ្រោះជាស្រ្តី បែរជាបង្កប៉ះពាល់ដល់កិត្តិយសជនរងគ្រោះយ៉ាងខ្លាំងទៅវិញ។

លោកស្រី បានបន្តថា បើតាមរបាយការណ៍របស់ការិយាល័យសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងបទល្មើស បានឲ្យដឹងថា លើពិភពលោក ក្នុងចំណោមស្ត្រី និងកុមារី ដែលត្រូវបានគេសម្លាប់ មាន៣៤% ត្រូវបានស្លាប់នៅក្នុងដៃ របស់ដៃគូរបស់គាត់ ២១% ត្រូវបានស្លាប់ដោយសារសមាជិក គ្រួសាររបស់គាត់ និង ៤១% ត្រូវបានស្លាប់ដោយសារអ្នកដទៃ។

លោកស្រីបានថ្លែងបន្តទៀតថា បណ្តាញអ្នកសារព័ត៌មាន​ គឺជាភ្នែក​ ជាត្រចៀក និងជាសាររបស់សង្គម ហើយសារព័ត៌មាន​​ មានតួនាទីសំខាន់ក្នុងការទប់ស្កាត់ នៅក្នុងអំពើហិង្សានេះ។ ក្នុងន័យនេះ លោកស្រីបានសំណូមពរ ដល់អ្នកសារព័ត៌មានឲ្យចូលរួម ផ្សព្វផ្សាយព័ត៌មានបែបណា ឲ្យមនុស្សខ្លាចរអា ដែលធ្វើឲ្យអត្រានៃការប្រើអំពើហិង្សា ត្រូវបានកាត់បន្ថយជាងនេះ។

បើតាមលោកស្រី ការចូលរួមរបស់សារព័ត៌មាន ដែលអាចជួយសង្គម​មានពីរផ្នែក គឺផ្សព្វផ្សាយព័ត៌មានដែលទាក់ទងនឹងអំពើហិង្សា និងចូលរួមក្នុងការអប់រំទៅលើការប្រព្រឹត្តអំពើហិង្សាតទៅទៀត ពោលអ្នកសារព័ត៌មាន ត្រូវព្យាយាមផ្សព្វផ្សាយព័ត៌មាន​ ឲ្យអ្នកប្រពឹត្តអំពើហិង្សាបានដឹងថា​ នេះជាអំពើខុសច្បាប់ ជាអំពើដែលសង្គមស្អប់ខ្ពើម។

សម្រាប់នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា លោក ឆាយ​ សុផល បានថ្លែងទទូចដល់អ្នកសារព័ត៌មានទាំងអស់ មិនត្រូវប្រើពាក្យអាសអាភាស ទៅសរសេរព័ត៌មាន ជាពិសេសការសរសេរព័ត៌មាន​ ឲ្យមានការរើសអើងលើស្ត្រីឡើយ។

បើតាមលោក ឆាយ សុផល ការប្រើពាក្យមិនសមរម្យ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឲ្យមានអ្នកចូលអានព័ត៌មានខ្លួន ដូចជាស្ត្រីអាស ស្ត្រីផិត ស្រីក្បត់ ជាដើម វាធ្វើឲ្យប៉ះពាល់ដល់កិត្តិសយសស្ត្រី និងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

លោក ឆាយ សុផល បានគូសបញ្ជាក់ដែរថា ពាក្យព័ន្ធនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់ករណីរំលោភ និងហិង្សា អ្នកសារព័ត៌មានមិនត្រូវបង្ហាញមុខ ឬបង្ហាញអត្តសញ្ញាណជនរងគ្រោះឡើយ។ លោកថា ការធ្វើដូច្នេះ នឹងអាចឲ្យស្ត្រីរងគ្រោះ កាន់តែរងគ្រោះធ្ងន់ធ្ងរ ហើយបើតុលាការ ឬអាជ្ញាធររកយុត្តិធម៌ មកឲ្យគាត់មិនបានត្រឹមត្រូវទេ នឹងត្រូវខូចឈ្មោះមួយកម្រិត ថែមទៀតផងដែរ។

សូមជំរាបថា ប្រកាសរួមរវាងក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ស្តីពី ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មាន អំពើហិង្សាលើស្ត្រី ក្នុងប្រការ១ បានចែងថា គោលបំណងនៃប្រកាសនេះ គឺដើម្បីបង្កើតក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ ព័ត៌មានអំពើហិង្សាលើស្ត្រី រួមមាន​អំពពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងអំពើហិង្សាផ្នែកសេដ្ឋកិច្ច ដើម្បីទប់ស្កាត់ការយកករណីហិង្សាទៅលើស្ត្រី ធ្វើជាព័ត៌មានសម្រាប់កម្សាន្តសប្បាយ ឬកំប្លុកកំប្លែង និងដើម្បីកែប្រែឥរិយាបទសង្គម ក្នុងការលុបបំបាត់ អំពើហិង្សាលើស្ត្រី។

ទន្ទឹមនឹងនេះ ប្រការ៧ បានចែងដែរថា ការរាយការណ៍ត្រូវតែគោរពឯកជនភាព សេចក្តីថ្លៃថ្នូរ និងការពារសុវត្ថិភាពរបស់ ជនរងគ្រោះ ទោះជារូបភាព វីដេអូ ឬព័ត៌មានទាំងនោះ យកចេញពីប្រភពណាក៏ដោយ។

មុននឹងបញ្ចប់កម្មវិធីប្រជុំ អង្គពិធីបានដោះស្រាយករណីសិក្សាខ្លះៗ ដែលឈានដល់ការសម្រេចថា អ្នកសារព័ត៌មាន ត្រូវសរសេរព័ត៌មានឲ្យកាន់តែមុតស្រួច ដើម្បីអាចផ្តល់ផលប្រយោជន៍ ដល់ស្ត្រីរងគ្រោះដោយសារអំពើហិង្សា ដោយត្រូវធ្វើដូចជា៖

១៖ ត្រូវសរសេររំលេចព័ត៌មាន​ដោយបញ្ចូលខ្លឹមសារច្បាប់។

២៖ លើកទឹកចិត្តដល់ស្ត្រីរងគ្រោះ ឲ្យមានសេចក្តីក្លាហាន រាយការណ៍អំពីអំពើហិង្សា ដែលកើតឡើងចំពោះខ្លួន។

៣៖ មិនត្រូវបង្ហាញអំពីអត្តសញ្ញាណរបស់ជនរងគ្រោះ។

៤៖ ចូលរួមចែករម្លែកព័ត៌មានឲ្យកាន់តែទូលំទូលាយ។

៥៖ ត្រូវគិតថា អំពើហិង្សាមិនមែនជាបញ្ហារបស់គ្រួសារនោះទេ តែជាបញ្ហាសិទ្ធិមនុស្ស ដែលត្រូវឈឺឆ្អាលទាំងអស់គ្នា៕