(ភ្នំពេញ​)៖ យ៉ាងហោចណាស់មានពលរដ្ឋ២នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យ២ករណីផ្សេងគ្នា ដែលកើតឡើងនៅយប់មិញនេះ ដោយមានគម្លាតពេលគ្នាត្រឹមតែជាង១ម៉ោងប៉ុណ្ណោះ។

ករណី​ទី១៖ អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ​ បណ្ដោយឲ្យ​​បុរស​ម្នាក់​ជាប់​ស្លាប់ ​នៅ​ខាង​ក្នុងផ្ទះ​​យ៉ាង​អាណោចអាធ័ម ​ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​គ្មាន​លេខ ​ផ្លូវ​លំ ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ​១​ សង្កាត់​ស្ទឹង​មានជ័យ​២ ខណ្ឌ​មានជ័យ​ក្រុង​ភ្នំពេញ​ នាវេលា​ម៉ោង​ជាង​១០យប់​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ​ឆ្នាំ​២០១៨។

​ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​​កំពុងតែ​ជិះ​ម៉ូតូ​កាត់​ពី​មុខ​ផ្ទះ​ខាង​លើ ​ស្រាប់​តែ​ឃើញ​ពី​ក្នុង​ផ្ទះ​កំពុង​តែ​ឆាប​ឆេះ ​ចេញជា​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​ទៅហើយ​ ភ្លាមៗ​នោះ​ស្រាប់​តែ​ឃើញ​នារី​ម្នាក់ ​កំពុង​តែ​ស្ថិត​នៅ​ខាង​ក្នុង​នោះជា​មួយ​នឹង​ឪពុក​​ ហើយ​​រូបគាត់​ក៏​ចូល​ទៅ​ជួយ​យកនារី​ម្នាក់ ​​ចេញ​មក​ខាង​ក្រៅ​រួច​ក៏​ត្រឡប់​ទៅ​ម្ដង​ទៀត​ស្រាប់​តែ​ឃើញ​បុរស​រង​គ្រោះ​ខាង​ត្រូវ​ឥដ្ឋ​បាក់​រលំ​ពី​លើ​បណ្តាល​ឲ្យ​ជាប់​​ស្លាប់​ នៅ​ក្នុង​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​។ ភ្លាមៗ​នោះ​ដែរ​គាត់​បាន​ស្រែក​ហៅ​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរៗ​នោះ​ឲ្យ​នាំគ្នា​​ជួយ​​ទាក់ទង​ទៅ​ខាងសមត្ថកិច្ចមូលដ្ឋាន ​ដើម្បី​ធ្វើ​ការ​​សហការគ្នាជាមួយនឹងសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គីភ័យ ដើម្បីចុះមកធ្វើការអន្តរាគមន៍ជាបន្ទាន់ទាំងកណ្តាលយប់។

​ហេតុការណ៍​នេះ​ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ហើយអគ្គិភ័យរលត់​ទៅ​វិញ​នាវេលា​ម៉ោង​​​ជាង​១១យប់​។

ករណីទី២៖ បុរសម្នាក់​រលាក​ពេញខ្លួន បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពី​ធ្លាក់ពីជាន់ទី២​ នៃផ្ទះល្វែងដែលកំពុងឆាបឆេះ ក្នុងបុរីចំការមន បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២៖១០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងបុរីចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញផ្ទះលេខ G17 មានផ្សែងហុយចេញពីក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាង ក៏នាំគ្នាយកបំពង់មកបាញ់អស់ចំនួន៨បំពង តែនៅមិនទាន់ រលត់ក៏បានទំនាក់ទំនង សមត្ថកិច្ចចុះមកអន្តគមន៍ និងហៅទៅរថយន្តពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុនេះចំនួន៨គ្រឿងគឺបានបាញ់អស់៣គ្រឿង រលត់ទៅវិញប្រើរយៈពេលជិត២ម៉ោង។

ចំពោះករណីនេះដែរ សមត្ថកិច្ចខាងពន្លត់អគ្គិភ័យក៏បានស្ដីបន្ទោស​យ៉ាងខ្លាំង ចំពោះ​សន្តិសុខយាមបុរីខាងលើ ​ដែលមិន​អនុញ្ញាតឲ្យ​រថយន្តពន្លត់អគ្គិភ័យ​ ចូលទៅពន្លត់បានទាន់ពេលវេលានោះ​ លុះពេលចូលបានហើយ​ផ្លូវចូលក៏ត្រូវបាន​ម្ចាស់ផ្ទះ​ក្នុងបុរី បានយក​រថយន្ត​មកចត​ពេញផ្លូវ​ ទើបធ្វើឲ្យមានការពិបាកដល់រថយន្តពន្លត់អគ្គិភ័យ ទំរាំតែបានចូលទៅដល់​កន្លែងកើតហេតុ​នោះ៕