(ភ្នំពេញ)៖ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ តាមរយៈលោកមេធាវី ចាន់ ចេន បានប្រកាសជំហរគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញ ដោយចាត់ទុកថា ជាការបន្ធូរស្ថានភាព និងធ្វើឡើងដើម្បីលទ្ធិប្រជាធិបតេយ្យ។

លោក ចាន់​ ចេន មេធាវីការពារក្តីជូនលោក កឹម សុខា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ឱ្យដឹងថា លោក កឹម សុខា បានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ហើយអះអាងថា ឱ្យតែអ្វីៗធ្វើឡើងដើម្បីប្រជាធិបតេយ្យលោកនឹងគាំទ្រទាំងអស់។

លោកបានបញ្ជាក់យ៉ាងដូច្នេះ៖ «ឯកឧត្តម កឹម សុខា កូនក្តីរបស់ខ្ញុំគាត់បានសម្តែងការស្វាគមន៍។ ជាងនេះទៅទៀតលោកថា អ្វីក៏ដោយឱ្យតែមានដំណោះស្រាយ ដើម្បីផលប្រយោជន៍ប្រទេសជាតិ(ទី១), ទី២ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងទី៣ ដើម្បីសិទ្ធិមនុស្ស គឺកូនក្តីរបស់ខ្ញុំបាទគាត់គាំទ្រ»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍សំខាន់មួយ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានឱ្យដឹងថា រដ្ឋសភាបាននឹងកំពុងសិក្សាដើម្បីដកបម្រាមធ្វើនយោបាយ ពីអ្នកនយោបាយដែលតុលាការកាត់ទោស ដែលសម្តៅបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំ របស់អតីតគណបក្សសង្រ្គោះជាតិ១១៨នាក់ធ្វើនយោបាយឡើងវិញផងដែរ។ ជាមួយគ្នានេះ រដ្ឋាភិបាលបានអំពាវនាវ ដល់តុលាការឱ្យពន្លឿននីតិវិធីចំពោះបុគ្គលដែលជាប់ពាក្យបណ្តឹងនៅតុលាការ ឬត្រូវបានគេចោទប្រកាន់ស្របតាមនីតិវិធីថែមទៀត ដើម្បីការពារសិទ្ធិពួកគេដែលធានាដោយរដ្ឋធម្មនុញ្ញ។

រាជរដ្ឋាភិបាល ក៏បានបើកឱកាសឱ្យប្រព័ន្ធផ្សព្វផ្សាយអាមេរិកដូចជា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) បើកការិយាល័យនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយសម្រាប់កាសែត Cambodia Daily រាជរដ្ឋាភិបាលក៏បានបង្ហាញឆន្ទៈអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ បើសិនជាបង់ពន្ធជូនរដ្ឋរួចរាល់។ ក្រៅពីនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏សន្យាបន្តដោះស្រាយបញ្ហាដីធ្លីដែលនៅសេសសល់ និងសម្រួលដល់សកម្មភាពអង្គការសង្គមស៊ីវិល និងសហជីព នៅក្នុងប្រទេសកម្ពុជាថែមទៀត៕