(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលតែងតែបានគិតគូរយកចិត្តទុកដាក់ ចំពោះសុខភាពរបស់​ប្រជាពលរដ្ឋ និងបានណែនាំជាប្រចាំដល់អាជីវករ នៅតាមផ្សារទាំងអស់ ឱ្យគិតគូរខ្ពស់ពីសុខុមាលភាពជាសំខាន់។

ជាក់ស្តែងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៨នេះ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបន្តចុះឆែកឆេរចំណីអាហារ និងបន្លែរផ្លែឈឺ ប្រមាណជាង៤០មុខ នៅផ្សារទួលទំពួង ដើម្បីបន្តស្វែងរកសារធាតុគីមីហាមឃាត់ ប៉ុន្តែក្នុងប្រតិបត្តិការនេះ ពុំរកឃើញនូវសារធាតុហាមឃាត់ អ្វីនោះឡើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឱ្យដឹងថា ក្រុមការងាររបស់លោកបានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារទួលទំពួង ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវ ទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ចែកចាយលើទីផ្សារ បានធ្វើតេស្តបមឋ និងយកគំរូចំនួនជាង៤០មុខ ដែលសង្ស័យមានហានិភ័យខ្ពស់ដូចជាសរសៃមីលឿង, ប្រហិតសាច់គោ, មឹក, បង្គារ, ត្រីងៀត, ត្រីហើម, សាច់ក្រកបាញ់កាញ់, លត, គុយទាវសរសៃធំ, គុយទាវសរសៃតូច, គ្រឿងសមុទ្រ និងនំផ្សេងៗ បញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមី ហាមឃាត់។ ប៉ុន្តែក្នុងប្រតិបត្តិការចុះឆែកឆេរនេះ ក្រុមការងាររបស់លោក មិនបានរកឃើញនូវសារ ធាតុហាមឃាត់នោះទេ ដោយលោកអះអាងថា ទាំងបងប្អូនអាជីវករ និងកសិករពួកគេយល់ដឹងច្រើនជាងមុនទាក់ទង និងសារធាតុហាមឃាត់នេះ។

យ៉ាងណាក៏ដោយ លោក គង់ វុទ្ធី នៅតែបន្តណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឱ្យត្រូវតាមលក្ខណះបច្ចេកទេស ដោយញែកចេញគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។

ជាមួយគ្នានេះដែរលោក ក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិន មុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

គួរបញ្ជាក់ថា​ សកម្មភាពទាំងនេះអនុវត្តន៍ទៅ​តាមការណែនាំរបស់ប្រធានប្រតិភូរាជ​រដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល នឹងលោកប្រធានកាំកុងត្រូល រាជធានីភ្នំពេញ៕