(ចិន)៖ វិធីធ្វើទីផ្សារបែបឆ្លងវិស័យ កំពុងក្លាយជាវិធីដែលកាន់តែពេញនិយម សម្រាប់ក្រុមហ៊ុនជាច្រើន នៅក្នុងប្រទេសចិន ដោយសារក្រុមហ៊ុនទាំងនោះចង់ស្វែងរកវិធីប្លែកៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន។

ការធ្វើទីផ្សារបែបឆ្លងវិស័យ សំដៅទៅលើការចាប់ដៃគូសហការជាមួយក្រុមហ៊ុនណាមួយ ដែលប្រកបអាជីវកម្មនៅក្នុងវិស័យផ្សេង ហើយរួមគ្នាបង្កើតផលិតផលថ្មីៗ។

ជាក់ស្ដែង ក្រុមហ៊ុនផលិតរថយន្តចិន នីអូ (NIO) បានសហការជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ របស់អង់គ្លេសឈ្មោះថា ឆាឡាយែន (Chalayan)។ ភាពជាដៃគូរបស់ពួកគេ បានទាក់ទាញចំណាប់អារម្មណ៍មហាជន តាមរយៈសម្លៀកបំពាក់ម៉ូដថ្មីៗរបស់ពួកគេ ដែលបានយកមកបង្ហាញនៅក្នុងព្រឹតិ្តការណ៍បង្ហាញម៉ូតសៀងហៃនាឆ្នាំនេះ ។

លោក ហ៊ូសេន ឆាឡាយែន អ្នករចនាម៉ូដសម្លៀកបំពាក់ និយាយថា «សម្រាប់ក្រុមហ៊ុនពួកយើង ការសហការនេះ ជួយឲ្យយើងបានជួបជាមួយនឹងអតិថិជនថ្មីៗ។ យើងអាចផ្សព្វផ្សាយទៅកាន់មនុស្ស បានកាន់តែទូលំទូលាយ។ វាជួយឲ្យយើងអាចប្រឡូកលើការងារបង្កើតផលិតផលដែលជាប្រភេទផ្សេង ដែលយើងមិនធ្លាប់បានធ្វើ។ ដូច្នេះសម្រាប់ខ្ញុំ វាគឺជាបទពិសោធន៍ដ៏គួរឲ្យសប្បាយរីករាយមែន»

ចំណែកឯក្រុមហ៊ុនផលិតស្ករគ្រាប់ចិន ឈ្មោះថា ទន្សាយស ឬ White Rabbit វិញ ក៏បានសហការជាមួយនឹងក្រុមហ៊ុនផលិតគ្រឿងសំអាងក្នុងស្រុកមួយផងដែរ ឈ្មោះថា ម៊ែកស៊ែម (Maxam) ដើម្បីបង្កើតក្រែមលាបមាត់ពិសេសមួយចំនួន ដែលមានរសជាតិដូចជាស្ករគ្រាប់ទឹកដោះគោ។

ឯក្រុមហ៊ុនផលិតស្រាក្រឡុក រីអូ (Rio) វិញ បានសហការជាមួយក្រុមហ៊ុនផលិតទឹកក្រអូប លាវ សិន (Liu Shen) ដើម្បីផលិតភេសជ្ជៈជាពិសេសមួយប្រភេទ ដែលមានក្លិនក្រអូបដូចជាផលិតផលរបស់ក្រុមហ៊ុន លាវ សិន។ ហើយអតិថិជនចិន ហាក់ដូចជាពេញចិត្តនឹងផលិតផលថ្មីនេះ គួរសមដែរ។

ក្រៅពីអាចផ្សព្វផ្សាយទៅកាន់អតិថិជនបានកាន់តែទូលំទូលាយទៅ វិធីធ្វើទីផ្សារបែបឆ្លងវិស័យ ក៏ជួយបង្កើនប្រសិទ្ធភាពនៃការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនមួយដែរ ពីព្រោះវាអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្ស នៅលើបណ្ដាញសង្គមបាន។

លោក ចេសុន យូ នាយកគ្រប់គ្រង ក្រុមហ៊ុន Kantar Worldpanel Greater China និយាយថា «ការផ្សព្វផ្សាយតាមបណ្ដាញសង្គមនាពេលសព្វថ្ងៃ គឺជាវិធីផ្សាយពាណិជ្ជកម្មមួយ ដែលចំណាយតិចតួចណាស់ បើប្រៀបនឹងវិធីផ្សាយពាណិជ្ជកម្មតាមច្រកផ្សេង។ អញ្ជឹង បើនិយាយជារួម ការធ្វើទីផ្សារបែបឆ្លងវិស័យដូច្នេះ អាចទាក់ទាញមនុស្សជាច្រើននាក់ ឲ្យនិយាយអំពីផលិតផលណាមួយនៅលើបណ្ដាញសង្គម បានច្រើន។ ហេតុនេះ វានឹងជំរុញឲ្យមនុស្ស សាកល្បងទិញផលិតផលរបស់គេជាមិនខាន»៕ (សារព័ត៌មាន CCTV របស់ចិន)