(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី និងក្រុមគាំទ្រ ដែលបានប្រកាសហើយប្រកាសទៀតថា រាល់ការបញ្ចេញទស្សនៈ ឬការលើកឡើងរបស់លោក កឹម សុខា មិនឆ្លុះបញ្ចាំងពី ភាពត្រឹមត្រូវនោះ, នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ កញ្ញា កឹម មនោវិទ្យា កូនស្រីសំណព្វចិត្តរបស់លោក កឹម សុខា បានផ្ញើសារដ៏មានទម្ងន់ទៅកាន់ទណ្ឌិត សម រង្ស៊ី ថាគឺជាមនុស្សភូតកុហក និងដើរលាបពណ៌គេ។

សាររបស់កញ្ញា កឹម មនោវិទ្យា​ បានសរសេររៀបរាប់យ៉ាងដូច្នេះថា «លោក សម រង្ស៊ី បាននិយាយ​កុហកជាសាធារណម្តងទៀត​ហើយថា សារ​របស់លោក កឹម សុខា គឺក្លែងក្លាយ និង​មិនត្រឹមត្រូវ បើទោះបីជា​មានការបញ្ជាក់​ពីមេធាវី និងគ្រួសារ​របស់លោក កឹម សុខា អំពីភាព​ត្រឹមត្រូវ និងពិតប្រាកដ​នៃសារទាំងនោះក៏ដោយ។ ចាប់តាំង​ពីលោក កឹម សុខា ជាប់​ពន្ធនាគារ លោក សម រង្ស៊ី បានដឹកនាំ​យុទ្ធនាការ​លាបពណ៌ ដើម្បីធ្វើឲ្យគេ​មើល​ឃើញ​ថា ក្រុម CNRP ដែលនៅ​ខាងលោក កឹម សុខា គឺសុទ្ធតែជាគិញ»

សូមជំរាបថា តាមរយៈស​ន្និសីទនៅទីក្រុងអាតាឡង់តា រដ្ឋចចា សហរដ្ឋអាមេរិក អតីតថ្នាក់ដឹកនាំ និងសមាជិក អតីតគណបក្សសង្រ្គោះជាតិ ដែលគាំទ្រលោក សម រង្ស៉ី បានសម្រេចឱ្យលោក សម រង្ស៉ី​ ក្លាយជាប្រធានស្តីទី ខ្មោចគណបក្សសង្រ្គោះជាតិ តាមវិធីខុសលក្ខន្តិកៈបក្ស។

សន្និសីទរបស់អតីតគណបក្សប្រឆាំង បានធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោក សម រង្ស៉ី ខណៈ លោក កឹម សុខា និងបក្ខពួក ពុំគាំទ្រ ឬចូលរួម នៅក្នុងសន្និសីទ ដែលរៀបចំឡើងដោយក្រុមរបស់លោក សម រង្ស៉ី នេះឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ សហមេធាវី៤រូបរបស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថា ការប្រកាសជំហររបស់ លោក កឹម សុខា ដែលមិនទទួលស្គាល់សន្និសីទរបស់ក្រុមលោក សម រង្ស៉ី នៅទីក្រុងអាតាឡង់តា សហរដ្ឋអាមេរិកនោះទេ ហើយការប្រកាសរបស់លោក កឹម សុខា គឺមិនស្ថិតនៅក្រោមការបង្ខិតបង្ខំនោះទេ។

សេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីលោក កឹម សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំជាសហមេធាវី សូមបញ្ជាក់ថា ទោះជាឯកឧត្តម កឹម សុខា ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក៏ដោយក៏ឯកឧត្តម កឹម សុខា នៅតែមានសិទ្ធិក្នុងការតវ៉ា ការពារ ទាមទារ និង​បដិសេធ នូវអ្វីដែលប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់គាត់។ ឯកឧត្តម កឹម សុខា មានសិទ្ធិបញ្ចេញមតិដោយខ្លួន គាត់ផ្ទាល់ ឬតាមរយៈមេធាវីស្របតាមបញ្ញត្តិច្បាប់»

ក្រុមមេធាវី បានបញ្ជាក់បន្ថែមថា៖ «យើងខ្ញុំជាសហមេធាវី ដែលទទួលសិទ្ធិការពារក្តីជូន ឯកឧត្តម កឹម សុខា គឺអនុវត្តស្របតាមក្របខណ្ឌវិជ្ជាជីវៈ តាមឆន្ទៈកូនក្តី និងមានការទទួលខុសត្រូវ។ ក្នុងករណីយើងខ្ញុំជាសហមេធាវី បំពេញបេសកកម្មណាមួយ ដោយបំពានឆន្ទៈរបស់ ឯកឧត្តម កឹម សុខា ដែលជាកូនក្តី គាត់មានសិទ្ធិពេញលេញក្នុងការបញ្ឈប់បេសកកម្មយើងខ្ញុំជាមេធាវី បានគ្រប់ពេលវេលា។ បច្ចុប្បន្នយើងខ្ញុំនៅតែជាសហមេធាវីការពារក្តីជូន ឯកឧត្តម កឹម សុខា ដដែល»

សូមបញ្ជាក់ថា លោក កឹម សុខា តាមរយៈលោក ចាន់​ ចេន មេធាវីរបស់លោក បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ រក្សាជំហរមិនគាំទ្រចំពោះសន្និសីទមួយដឹកនាំដោយ លោក សម រង្ស៉ី ​នៅសហរដ្ឋអាមេរិកនោះទេ៕