(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ​១៥នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីគ្រឿងញៀន រួម​និងក្រាមពណ៍សថ្លា​៩៥កញ្ចប់(ប្រភេទម៉ាទឹកកក)។

មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យ​ទាំង​១៥នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា ក្នុងនោះមាន ទី១៖ឈ្មោះ ថុន វុត្ថា ​អាយុ​២០ឆ្នាំ​, ទី២៖ឈ្មោះ ផាក់ សុខលៀង ​អាយុ​២២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុច​លើផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​។

ទី៣៖ឈ្មោះ ឌិន បញ្ញា អាយុ​១៨ឆ្នាំ​, ទី៤៖ឈ្មោះ ផល សុភ័ក្ក អាយុ​១៨ឆ្នាំ​, ទី៥៖ឈ្មោះ ទៀង ចាន់ធី ​អាយុ​៣៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨​ ចំណុច​លើផ្លូវបេតុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

លុះដល់វេលាម៉ោង១០៖៣០នាទី​ ថ្ងៃដដែល​កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបន្តសហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ​០៦នាក់ផ្សេងទៀត នៅចំណុច​សំណង់ផ្ទះមិនរៀបរយ ផ្លូវបេតុង ក្រុម៦ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក្នុងនោះមាន ទី១៖ឈ្មោះ ធូ សេរីរ័ត្ន ភេទស្រី អាយុ​២២ឆ្នាំ​, ទី២៖ឈ្មោះ ពុំ ពៅ ​អាយុ​២២ឆ្នាំ​, ទី៣៖ឈ្មោះ សយ វុទ្ធី អាយុ​២៨ឆ្នាំ​, ទី៤៖ឈ្មោះ ងន លីលីន ​អាយុ២៧ឆ្នាំ​, ទី៥៖ឈ្មោះ គឹម ចាន់រស្មី អាយុ​៣១ឆ្នាំ​ និងទី៦៖ឈ្មោះ ជិន សុខខេង ភេទស្រី អាយុ​២៧ឆ្នាំ។

បន្ទាប់មកកម្លាំងមូលដ្ឋានមានជ័យ បានបន្តឃាត់ខ្លួនជនសង្ស័យ​០៤នាក់​បន្ថែមទៀត វេលាម៉ោង​០៩៖១៥នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្បែរលូទឹកស្អុយ ស្ពានស្ទឹងមានជ័យ ក្រុម២ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមមាន ទី១៖ឈ្មោះ ទួន ភារៈ អាយុ​១៨ឆ្នាំ​, ទី២៖ឈ្មោះ យៀន ហួរ ​អាយុ​៤៨ឆ្នាំ​, ទី៣៖ឈ្មោះ ម៉ែន សេរីបញ្ញា ​អាយុ​២៥ឆ្នាំ​ និងទី៤៖ឈ្មោះ ហេង គីរី អាយុ​២៧ឆ្នាំ។

ក្រោយពេលធ្វើការសាកសួរ​តាមវិធានការជំនាញរបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចម្លើយសារភាពរបស់ពួកគេទាំង​១៥នាក់​ខាងលើ បញ្ជាក់ឲ្យឃើញថា ពួកគេពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើមសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕