(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ប្រទេសកម្ពុជា នៅតែប្ដូរផ្ដាច់គ្រប់បែបយ៉ាង ដើម្បីធ្វើការជាមួយដៃគូអន្ដរជាតិ ក្នុងការថែរក្សាប្រាង្គប្រាសាទនានា នៅក្នុងទូទាំងប្រទេស សម្រាប់ការពារជាសម្បត្តិបេតិកភណ្ឌរូបីយមនុស្សជាតិ នៅលើទឹកដីកម្ពុជា។

ការបញ្ជាក់យ៉ាងដូច្នេះ បានធ្វើក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាអូតែល ខេត្ដសៀមរាប នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា នឹងបន្ដជាមួយនិងដៃគូអន្ដរជាតិ ដោយមានការគាំទ្រពីដៃគូអន្ដរជាតិ នៅតែប្ដូរផ្ដាច់ដើម្បីការពារនៅបេតិកភណ្ឌ នៅលើទឹកដីរបស់ខ្លួន»

សម្ដេចតេជោ បានបន្ថែមទៀតថា «ថ្ងៃនេះយើងក៏បានចាប់ផ្ដើមធ្វើការចុះហត្ថលេខាត្រីភាគី រវាងយូណេស្កូ ICAPP ជាមួយនឹង ICC ដែលចំណុចនេះក៏ជាចំណុចសំខាន់ជូនសារទៅបណ្ដាប្រជាជាតិ នៅក្នុងក្របខ័ណ្ឌអាស៊ីប៉ាស៊ីហ្វិករបស់យើង អំពីការធ្វើសុខដុមនីយកម្មលើបញ្ហាវប្បធម៌»

ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏សង្ឃឹមផងដែរថា យើងនឹងបន្ដរួមដំណើរជាមួយគ្នា ដើម្បីជោគជ័យសម្រាប់ប្រទេសកម្ពុជា និងជោគជ័យនៅក្នុងក្របខណ្ឌតំបន់ និងអន្ដរជាតិ។

សូមជម្រាបថា ប្រាសាទ​អង្គរវត្ត ត្រូវបានចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​១៩៩២, ប្រាសាទ​ព្រះវិហារ ត្រូវបានចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០០៨ និងប្រាសាទ​សំបូរ​ព្រៃគុក​ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី​០៨​កក្កដា ឆ្នាំ​២០១៧។ ការ​សម្រេច​នេះ​ធ្វើ​ឡើងនៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការបេតិក​ភណ្ឌ​ពិភព​លោក​លើក​ទី​៤១ នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ៕​