(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប តំណាងជយលាភី ពីប្រទេសកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិកមានកិត្តិយស ដែលទទួលបានជយលាភីពានរង្វាន់លំដាប់អន្តរជាតិ គឺ «ពានរង្វាន់អភិវឌ្ឍសេវាកម្មសាធារណៈ ល្អជាងគេប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់គម្រោង សាលសន្និបាត យូរ៉ូវីល / Best Public Service Development Asia Pacific for Euroville Convention Hall»

កម្មវិធីនេះ បានប្រព្រឹត្ដទៅ នារាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ដែលជាដំណាក់កាលចុងក្រោយ នៃកម្មវិធីប្រកាសពានរង្វាន់ថ្នាក់តំបន់ និងពិភពលោក របស់កម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ រៀបចំឡើងនៅសណ្ឋាគារ The Savoy Hotel នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលមានការចូលរួមពីម្ចាស់ជយលាភី តំណាងប្រទេសនិងតំបន់ទូទាំងពិភពលោកពី កម្មវិធីពានរង្វាន់អចលនទ្រព្យតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អឺរ៉ុប តំបន់អាមេរិក តំបន់អាហ្វ្រិក តំបន់អារ៉ាប់ និងពីចក្រភពអង់គ្លេស ។

លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយក ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន បានថ្លែងពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសថា «នេះជាជោគជ័យថ្មីមួយទៀតរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានធ្វើឲ្យទង់ជាតិកម្ពុជានិងស្លាកយីហោ ក្រុមហ៊ុន បង្ហាញខ្លួន លើវេទិការអន្តរជាតិ នៅកណ្ដាលទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស»

លោកបន្ដថា «នេះមិនមែនជាការចៃដន្យទេដែល ក្រុមហ៊ុន ប៉េង ហួត គ្រុប យើងទទួលបានពានរង្វាន់អ្នកអភិវឌ្ឍសេវាកម្មសាធារណៈ ដែលល្អជាងគេប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានការចូលរួមពីបណ្ដាលប្រទេសនានា ពី៥ទ្វីបលើពិភពលោក។ នេះជាសមិទ្ធផលនៃការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងក្រុមហ៊ុន ប៉េង ហួត គ្រុបយើង ដែលបានសាមគ្គីគ្នាសម្រេចចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីឈានមុខគេទាំងគុណភាព សោភ័ណភាព សេវាកម្ម ល្អជាងគេ ដូច្នេះខ្ញុំតំណាងឲ្យ ក្រុមហ៊ុន សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់នឹងសូមឲ្យថ្នាក់ដឹកនាំទាំងអស់ខិតខំបន្ថែមទៀតដើម្បីសម្រេចគោលដៅក្រុមហ៊ុនឈានទៅទទួលពានលំដាប់ពិភពលោកបន្តទៀត»

ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំណរគុណផងដែរ ដល់អតិថិជនដែលបន្តផ្តល់ទំនុកចិត្ត និងគាំទ្រក្រុមហ៊ុនលោកកន្លងមក ។

ជារៀងរាល់ឆ្នាំក្រុមហ៊ុន International Property Media ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស តែងតែរៀបចំការប្រកួតប្រជែង យកពានរង្វាន់អចលនទ្រព្យអន្តរជាតិ តាមតំបន់នីមួយៗ ដូចជា អាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក អារ៉ាប់ អាមេរិក អឺរ៉ុប និងចក្រភពអង់គ្លេស ដើម្បីជ្រើសរើសរកក្រុមហ៊ុន ដែលល្អជាងគេមកប្រកួតប្រជែង ដើម្បីសម្រិតសម្រាំងរកម្ចាស់ជយលាភីចុងក្រោយ ប្រចាំតំបន់នីមួយៗនិងពិភពលោក។

គួររំលឹកផងដែរថាកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបានពានរង្វាន់លំដាប់ផ្កាយប្រាំ ចំនួន០៣ និងពានរង្វាន់ផ្សេងៗ សរុប១៣ពានរង្វាន់ ពីកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំឡើងនៅសណ្ឋាគារ The Marriott Marquis Queen's Park នៅទីក្រុងបាងកក ប្រទេសថៃ។
លើសពីនេះទៅទៀត ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានទទួលជយលាភី ជាក្រុមហ៊ុនអភិវឌ្ឍល្អជាងគេ ប្រចាំប្រទេសកម្ពុជាចំនួន០៣ឆ្នាំជាប់គ្នាផងដែរ
ពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា រៀបចំឡើងដោយក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ៕