(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបពីការវិវឌ្ឍន៍រីកចម្រើន លើវិស័យផលិតកម្មសត្វ និងពីស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វរិក (African Swine Fever) ដែលកំពុងរាតត្បាតនៅប្រទេសចិន។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើន លើវិស័យផលិតកម្មចិញ្ចឹមសត្វ ជាពិសេសផលិតកម្មជ្រូក ដែលរក្សាបាននូវតម្លៃមួយសមរម្យ ដែលទាំងអ្នកចិញ្ចឹម អាជីវករ និងអ្នកបរិភោគ អាចទទួលយកបាន នេះគឺជាយុទ្ធសាស្រ្តឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល។

ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេស ជាពិសេសអភិវឌ្ឍសេដ្ឋកិច្ចជាតិ លោករដ្ឋមន្ត្រីបានស្នើឲ្យសមាគមអ្នកចិញ្ចឹមសត្វ ខិតខំបន្ថែមទៀត តាមរយៈការអនុវត្តបែបប្រពលវប្បកម្មចិញ្ចឹមសត្វ ធានាបាននូវនិរត្តរភាព នៃការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព អនាម័យ និងជាពិសេសសុវត្ថិភាពសាធារណៈ ឆ្លើយតបឲ្យបានតាមស្តង់ដារទីផ្សារ សម្រាប់ការប្រកួតប្រជែង។

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ជាថ្មីម្តងទៀតថា ក្រសួងកសិកម្ម នឹងរង់ចាំផ្តល់កិច្ចសហការ ដល់វិស័យឯកជន ដែលមានបំណងវិយោគសាងសង់សត្តឃាតដ្ឋានសត្វ ពិសេសសត្តឃាតដ្ឋានជ្រូក ដើម្បីលើកកម្ពស់កម្រិត គុណភាព អនាម័យ និងសុវត្ថិភាពសាច់ និងផលិតផល មានដើមកំណើតពីសត្វ ដើម្បីលើកកម្ពស់សុខភាព និងកាត់បន្ថយក្តីកង្វល់ ចំពោះការបរិភោគសាច់សត្វរបស់សាធារណជន។

ទាក់ទងនឹងបញ្ហាជំងឺបេស្តជ្រូកអាហ្វ្រិក លោករដ្ឋមន្ត្រី បានជម្រាបជូនសមាគមថា ក្រសួង ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននិងកំពុងរៀបចំសេចក្តីប្រកាស ផ្សព្វផ្យាយដល់សាធារណជន ពិសេសដល់អ្នកចិញ្ចឹម ម្ចាស់កសិដ្ឋាន ក្រុមហ៊ុន អាជីវករ ម្ចាស់សត្តឃាតដ្ឋាន អ្នកនាំចូលសត្វរស់ សាច់សត្វ និងផលិតផលសត្វ ឲ្យបានជ្រាបពីបញ្ហា ស្ថានភាពរាតត្បាត ភ័យមហន្តរាយ វិធានការទប់ស្កាត់ និងជាពិសេស ស្នើសុំការសហការពីគ្រប់ភាគីពាក់ព័ន្ធ ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដើម្បីចូលរួមទប់ស្កាត់ជំងឺនេះ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏បានស្នើឲ្យសមាគម សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រៀបចំសិក្ខាសាលាផ្សព្វផ្សាយពីបញ្ហាជំងឺនេះ ឲ្យបានទូលំទូលាយ និងទាន់ពេលវេលាផងដែរ៕