(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការស៊ើបអង្កេតសារធាតុផ្សំគ្រឿងញៀន នៅសាលប្រជុំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពីមន្រ្តីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងមន្រ្តី គ្រូបង្គោល មកពីរដ្ឋបាលអនុវត្តច្បាប់គ្រឿង (DEA) សហរដ្ឋអាមេរិក ព្រមទាំងសិក្ខាកាម ជានាយករងមន្ទីរ ប្រឆាំងគ្រឿងញៀន និងស្នងការរងរាជធានី-ខេត្ត ទទួលបន្ទុកកិច្ចការគ្រឿងញៀនផងដែរ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ តាំងនាមឲ្យនគរបាលជាតិកម្ពុជាទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍ ដល់ប្រធានសេនានុព័ន្ធសន្តិសុខប្រចាំស្ថានទូត សហរដ្ឋអាមេរិក និងប្រធានខាងបណ្តុះបណ្តាល របស់ DEA ព្រមទាំងគ្រូឧទ្ទេសនាមទាំងអស់ ចំពោះកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលធនធានមនុស្ស ដល់នគរបាលជាតិកម្ពុជា។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ចំពោះនគរបាលជាតិកម្ពុជា ដែលមានតួនាទីជាមន្រ្តីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន វគ្គបណ្តុះបណ្តាលនេះ ជាវគ្គសិក្សាដ៏កម្ររមួយដែលកន្លងមក យើងមិនទាន់បានរៀនសូត្រទេវគ្គបណ្តុះ បណ្តាលនេះគឺថាសំខាន់ណាស់ ដែលកន្លងមកយើង ដឹងតែពីផលិតផលគ្រឿងញៀន ដែលផលិតចេញមកហើយ ដូចជា៖ មេតំហ្វេតាមីន ហេរ៉ូអ៊ីន ឬក៏កូកាអ៊ីនជាដើម។ ដោយចំពោះសារធាតុគីមីផ្សំនេះយើងនៅតិចតូចណាស់»។

បើតាមនាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ រវាងមន្រ្តីអនុវត្តច្បាប់កម្ពុជា និងសហរដ្ឋអាមរិក គឺយើងបានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាយ៉ាងល្អ ទទួលបានលទ្ធផលល្អ ស្មើភាពគ្នាដូចជាដៃគូ បានន័យថា ពេលដែលយើងបង្រ្កាបជនឧក្រិដ្ឋគ្រឿងញៀន ឬក៏ជនឧក្រិដ្ឋផ្សេងៗឆ្លងដែន ពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗមកកម្ពុជា ពេលយើងសហប្រតិបត្តិការចាប់បង្រ្កាបបញ្ជូនទៅវិញ បានន័យថាយើងទទួល ជោគជ័យទាំងសងខាង។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្ដថា ខាងសហរដ្ឋអាមេរិក អាចចាប់បញ្ជូនឧក្រិដ្ឋត្រឡប់ទៅកាត់ទោសវិញ ប៉ុន្តែនៅកម្ពុជាយើង ទទួលបានលទ្ធផលល្អ ល្អត្រង់យើងបានបោសសម្អាតឧក្រិដ្ឋជន មិនវាពួនលាក់សម្ងំ នៅក្នុងទឹកដីកម្ពុជា។ ការបោសសម្អាតពួកនេះ ធ្វើឲ្យយើងចំណេញច្រើនណាស់ ពួកឧក្រិដ្ឋជន​ ទោះឧក្រិដ្ឋជនផ្នែកណាក៏ដោយ កាលណាវាមកដល់កម្ពុជា មិនយូរមិនឆាប់វា នឹងប្រព្រឹត្តបទល្មើសបង្កអសន្តិសុខ ដល់សង្គមយើង។

អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ទៀតថា «អញ្ចឹងគឺជាបញ្ហាសំខាន់ ដែលនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន លោកបានផ្តាំផ្ញើ ដល់សិក្ខាកាមយើងទាំងអស់ ត្រូវខិតខំប្រឹងប្រែងស្តាប់ ត្រងត្រាប់ កត់ត្រា ក្រេបជញ្ជក់ យកបទពិសោធន៍ និងចំណេះដឹង ពីលោកគ្រូ ដើម្បីមប្រើ និងការពារជូនប្រជាពលរដ្ឋ»។

សូមជម្រាបថា វគ្គបណ្តុះបណ្តាល ស្តីពីការស៊ើបអង្កេតសារធាតុផ្សំគ្រឿងញៀននេះ រៀបចំដោយមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលអនុវត្តច្បាប់គ្រឿង (DEA) សហរដ្ឋអាមេរិក មានរយៈពេល២សប្តាហ៍ និងមានសិក្ខាកាមចូលរួមមកពី មន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំង២៥៕