(ភ្នំពេញ)៖ កំណើនភ្ញៀវទេសចរចូលមកទស្សនានៅកម្ពុជានាឆ្នាំ២០១៨នេះ ហាក់កើនឡើងគួរឲ្យកត់សំគាល់ ហើយភ្ញៀវទេសចរដែលចូលមកច្រើនជាងគេ គឺភ្ញៀវទេសចរចិន។ ការកើនឡើងនៃភ្ញៀវចិននេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួន សំដែងក្ដីមិនពេញចិត្ត ដោយសំអាងលើកហេតុផលផ្សេងៗគ្នា។

ការមិនពេញចិត្ត របស់ប្រជាពលរដ្ឋបែបនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានសំណូមពរឲ្យពលរដ្ឋកម្ពុជាទាំងអស់ បើកចិត្តឲ្យទូលាយ ដើម្បីទទួលភ្ញៀវទេសចរទាំងអស់ ពិសេសភ្ញៀវទេសចរចិន។

លោកស្រីដោយសំអាងលើហេតុផលថា ភ្ញៀវចិនដែលចូលមកកម្ពុជា មានតែមួយចំនួនតូចប៉ុណ្ណោះ ដែលបង្កផលលំបាកដល់ពលរដ្ឋកម្ពុជា ហើយប្រសិនបើភ្ញៀវទេសចរចិនទាំងអស់ សុទ្ធតែបង្កក្ដីលំបាកនោះម្ល៉េះ កម្ពុជាក៏មិនអនុញ្ញាតចូលឲ្យមកនោះដែរ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News លោក ឆាយ ស៊ីវលីន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឲ្យពលរដ្ឋទាំងអស់ពិសេសយុវជន សូមឲ្យមានសុទិដ្ឋិនយម ជាវិជ្ជមានទៅដល់ភ្ញៀវទេសចរទាំងឡាយ កុំឲ្យមានការរើសអើងថា ឲ្យតែមានក្រុមចិនដើរកាត់ ដឹងតែពួកគាត់អាក្រក់ រញ៉ែរញ៉ៃ បើសិនជាថាក្រុមចិនទាំងអស់មានភាពរញ៉ែរញ៉ៃទាំងអស់ គឺកម្ពុជាយើងមិននឹងន៎ដែរ ប៉ុន្តែតែជួនកាលមានកម្មករមួយចំណែកតូច ដែលបង្កលក្ខណៈឈ្លោះប្រកែកគ្នា នៅតាមផ្លូវ យើងមិនអាចម៉ៅពួកគាត់ទាំងនោះទេ»

លោកស្រីបន្ថែមថា ការចូលមករបស់ភ្ញៀវចិននេះ បានផ្ដល់ការងារដល់ពលរដ្ឋកម្ពុជាដោយផ្ទាល់ និងប្រយោល នាំមកនូវការវិនិយោគដល់កម្ពុជា ដែលបានជួយដល់ការរីកចំរើនសេដ្ឋកិច្ច​ និងសង្គម។ ដូច្នេះហើយសូមកុំមានការរើសអើង ទៅលើភ្ញៀវទេសចរចិន សូមបងប្អូនទាំងអស់គ្នាបង្ហាញស្នាមញញឹមទទួលទេសចរ មិនថាទេសចរមកពីបណ្ដាប្រទេសណានោះឡើយព្រោះ គ្រប់ភ្ញៀវទេសចរទាំងអស់សុទ្ធតែនាំចំណូលជូនដល់ជាតិ, ជូនដល់ប្រជាពលរដ្ឋ និងជួយកាត់បន្ថយក្រីក្ររបស់ពលរដ្ឋកម្ពុជាថែមទៀតផង៕