(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី សរុបប្រមាណជាង៤ពាន់ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋបានចំនួន៣៧៧,៤៥៤នាក់(គិតត្រឹមថ្ងៃនេះ) នៅទូទាំងប្រទេសកម្ពុជា ដែលមាន១៦រាជធានី និងខេត្ត ហើយការងារសប្បុរសធម៌របស់ក្រុមគ្រូពេទ្យទាំងអស់បានប្រព្រឹត្តឡើងអស់រយៈពេល៦ឆ្នាំមកហើយ ដោយបានជួយវិស័យសុខាភិបាលកម្ពុជាមួយផ្នែកផងដែរ។

នាឱកាសពិនិត្យ ព្យាបាល រួមនឹងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណជាង៥ពាន់នាក់ នៅស្រុកបន្ទាយមាស ខេត្តកំពត នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រុមគ្រូពេទ្យស្ម័គចិត្ត លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា «សកម្មភាពថ្ងៃនេះ ក៏ដូចជាកន្លងមក គឺយើងធ្វើដូចភ្លៀងរលឹម។ សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បើយើងគិតទៅមកដល់ថ្ងៃនេះ ដំណើរការនៃការងារមានរហូតដល់ទៅ ៦ឈានចូលដល់៧ឆ្នាំហើយ បើយើងគិតពីចំនួនលើកនៃព្យាបាលវិញ គឺមាន១៦៣លើក និងបានព្យាបាលជូនប្រជាពលរដ្ឋ បានរហូតដល់ទៅ១៦រាជធានី និងខេត្ត ប្រសិនបើគិតដល់ការព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃវិញមានចំនួន៣៧៧,៤៥៤នាក់»

លោកបន្តថា កិច្ចការដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលមានសម្រេចបានយ៉ាងល្អប្រសើរមកទល់នឹងសព្វថ្ងៃនេះ មានការគាំទ្រ និងចង្អុលបង្ហាញ រួមនឹងការផ្តល់ថ្នាំពេទ្យ ពីលោក ហ៊ុន ម៉ានី។ ក្រៅពីនោះ លោក លេង ផាលី ក៏បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និង លោក ហ៊ុន ម៉ានី ដែលបានអនុញ្ញាតិដល់ក្រុមគ្រូពេទ្យទាំងអស់មកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅតាមទីតំបន់ទាំង១៦រាជធានី និងខេត្ត ហើយកម្មវិធីសប្បុរសធម៌ទាំងអស់នេះ ធ្វើឲ្យប្រជាពលរដ្ឋ ដែលបានទទួលការព្យាបាល មានការសប្បាយចិត្ត រួមនឹងលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជាមួយផ្នែកផងដែរ។

«ប្រទេសជាតិយើងនេះ មានសុខសន្តិភាពហើយ ទើបមានប្រជាពលរដ្ឋមកព្យាបាល នៅតំបន់ដាច់ស្រយ៉ាល, ជាក់ស្តែងបើកាលណាប្រទេសមានសុខសន្តិភាព យើងអាចធ្វើឲ្យធ្វើឲ្យពួកគាត់មានសុខភាពល្អ ហើយកាលណាប្រជាពលរដ្ឋ មានសុខភាពល្អ ទើបយើងមានការអភិវឌ្ឍន៍ប្រទេសបានយ៉ាងល្អ បើកាលណាប្រជាពលរដ្ឋមិនមានសុខភាពល្អនោះទេ ប្រទេសជាតិក៏គ្មានការអភិវឌ្ឍន៍នោះដែរ» នេះបើតាមការបញ្ជាក់បន្ថែម លោក លេង ផាលី។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ​ព្យា​បាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជា​ពលរដ្ឋ​មួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គម​ជាតិ។

នាឱកាសខួបនៃបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្នុងរយៈពេល៦ឆ្នាំឈានចូលដល់៧ឆ្នាំ មានប្រជាពលរដ្ឋជាច្រើនបានសម្តែងការត្រេកអរយ៉ាងខ្លាំង ក្រោយមានវត្តមានក្រុមគ្រូពេទ្យទាំងអស់ ដែលបានមកព្យាបាលជូនប្រជាពលរដ្ឋ ក្នុងស្រុកបន្ទាយមាស ខេត្តកំពតនេះ។

អ្នកស្រី ដុក ឡេង ជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិត្រាំត្រសល់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ក៏បានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលបានឃើញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះមកពិនិត្យ ព្យាបាល រួមនឹងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុស្រុករបស់គាត់។

អ្នកស្រីបានលើកឡើងថា «សកម្មថ្ងៃនេះ ឃើញប្រជាពលរដ្ឋ បានមកពិនិត្យសុខភាព នៅវិទ្យាល័យ ហ៊ុន សែន បរិវាស ភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត បានកុះករ ខ្ញុំដូចជាសប្បាយរីករាយបានឃើញគ្រប់មុខ គ្រប់បែបយ៉ាងទាំងអស់ [...] បានជួយដល់ប្រជាពលរដ្ឋច្រើនណាស់ តាំងពីជំងឺភ្នែក ជំងឺច្រើនមុខទៀត សបមុខគ្រប់បែបយ៉ាងទាំងអស់ ប៉ុន្នឹងមកគឺអរហើយ!»

តាមរបាយការណ៍របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នៅស្រុកបន្ទាយមាស ខេត្តកំពត បានបង្ហាញថា ការព្យាបាលនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្រេចបាន៖ ជំងឺកុមារ២៣១នាក់, ជំងឺស្រ្តី១៩២នាក់, ជំងឺផ្លូវចិត្ត៩៧នាក់, ជំងឺឫសដូងបាត១០៩នាក់, ជំងឺសន្លាក់ឆ្អឹង៧៩នាក់, ជំងឺរលាកសួត៨១នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៦៨នាក់, ជំងឺភ្នែក១០៤នាក់, ជំងឺសើរស្បែក១៩១នាក់, ជំងឺទឹកនោមផ្អែ២០៩នាក់, ជំងឺមាត់ធ្មេញ៧៩នាក់, អេកូសាស្ត្រ២៦៩នាក់ ព្យាបាលរបួសនិងវះកាត់តូច៥៧ និងជំងឺទូទៅ៤,១០៣នាក់។

សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បង្កើតឡើងនាថ្ងៃទី២ធ្នូ ឆ្នាំ២០១២ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ៕