(កំពង់ធំ)៖ មហាជន​ប្រកបដោយ​ទឹក​មុខ​ញញឹម​រីករាយ​ បានចូលរួម​អបអរសាទរ​ខួប​លើក​ទី​៤០​ឆ្នាំ​ ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៍​មាតុ​ភូមិ​កម្ពុជា​ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វត្ត​បន្ទាយ​ស្ទោង​ ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ នៅព្រឹក​ថ្ងៃ​ចន្ទ​១១ រោច​ ខែ​កក្តិក​ ឆ្នាំ​ច​សំរឹទ្ធិ​ស័ក​ ពស​ ២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​០៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ។

បន្ទាប់ពីលោក សូត្រ អុល ប្រធានគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ឡើងអានរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងារនៅក្នុងមូលដ្ឋានរួចមក លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បាន​ឡើង​ថ្លែងបញ្ជាក់ជូនអង្គមីទីងស្តីពីគោលការណ៍ ១១.ខ របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ដែល​បាន​ដាក់​ចេញ​នៅ​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ឆ្នាំ​១៩៧៨​ នៅ​ភូមិ​ជើង​គ្លូ​ ឃុំ​ស្នួល​ ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ កាលពី​៤០​ឆ្នាំ​មុន​ ដែល​បច្ចុប្បន្ន​នៅ​ដក់​ជាប់ ​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប​។

ក្នុងឱកាសនោះដែរ អង្គមីទ្ទិញបានបើកឲ្យសមាជិកសមាជិកា ក្នុងកម្មវិធីជាពិសេសយុវជន យុវតី ជំនាន់ក្រោយ លើកឡើងពីចម្ងល់ឬ សំនួរ។ បន្ទាប់ពី យុវជន និងយុវតី បានសួរសំណួរមួយចំនួនរួចមក លោក សោម ស៊ុន ប្រធានគណៈអធិបតីក្នុងអង្គមីទ្ទិញ បានធ្វើការបកស្រាយ និងពន្យល់ យ៉ាងក្បោះក្បាយអំពីការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។

លោកបានបញ្ជាក់ជូន សមាជិក សមាជិកា នៃអង្គមីទ្ទីញ ទាំងអស់ឲ្យបានជ្រាបថា «មានថ្ងៃ ២ធ្នូ ១៩៧៨ ទើបមានថ្ងៃ៧មករា ឆ្នាំ​១៩៧៩​។ មានថ្ងៃ៧មករា ឆ្នាំ​១៩៧៩​ ទើបយើងមានអ្វីៗ ទាំងអស់ដូចសព្វថ្ងៃនេះ»

ចុងបញ្ចប់ តំណាងអង្គមីទ្ទិញបានឡើងមានចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត ជូនគណៈអធិបតី និង​អង្គពិធីទាំងមូលដោយបានសច្ចា និងប្តេជ្ញាចិត្តដូចតទៅ៖

*ទី១៖ ប្តេជ្ញា! លើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន យកអស់កម្លាំងកាយចិត្ត ដើម្បីអនុវត្តន៏ឲ្យបានជោគជ័យ រាល់ទិសដៅការងារភារកិច្ចរបស់គណបក្ស និងរណសិរ្ស ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន
*ទី២៖ ប្តេជ្ញា! អប់រំប្រជាជន ពិសេសយុវជនជំនាន់ក្រោយ ឲ្យបានយល់ដឹង និងចងចាំជានិច្ច នូវអត្ថន័យដ៏ធំធេងនៃទិវាបង្កើតរណសិរ្ស ២ធ្នូ និងទិវា ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប ហើយរួមគ្នាថែរក្សា និងពង្រីករាល់សមិទ្ធផលសង្គមជាតិឲ្យមានការរីកចម្រើនជារៀងរហូត
*ទី៣៖ ប្តេជ្ញា! គាំទ្រអនុវត្តន៍ឲ្យបានជោគជ័យ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យបានជាប់ជាដាច់ខាត៕