(ភ្នំពេញ)៖ លោកស្រី ឡាយ ច័ន្ទរស្មី ទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានទទួលឱកាសគ្រងឈុតសម្លៀកបំពាក់បុរាណខ្មែរ ចូលរួមដើរបង្ហាញម៉ូតក្នុងកម្មវិធី The 8th Celebration of Silk, Thai Silk Road to the World 2018 រំលេចនូវសម្រស់ដ៏ស្រស់សោភា និងបង្ហាញអត្ថន័យដ៏វិសេសវិសាលគ្មានពីរ។

កម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់តំណាងជាតិនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។ កម្មវិធីនេះ មានការចូលរួមបង្ហាញពីបណ្តាអង្គទូតបរទេស និងតំណាងស្ថានទូតចំនួន ៤៨ប្រទេស រួមទាំងអ្នកច្នៃម៉ូតពី ៤៣ប្រទេស រួមទាំងកម្ពុជាផងដែរ ជាពិសេសមានការចូលរួមពីបវរកញ្ញា ឆ្នាំ២០១៧ ពីប្រទេសជាច្រើន។

លោកស្រី ឡាយ ច័ន្ទរស្មី បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី០៣ ខែធ្នូនេះថា សម្លៀកបំពាក់បុរាណខ្មែរដ៏ល្អវិចិត្រខាងលើនេះ ត្រូវបានរចនាម៉ូតដោយលោកស្រី លី កូឡាប អ្នករចនាម៉ូត និងម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ លី លីអេង។

បើតាមលោកស្រី ឡាយ ច័ន្ទរស្មី អត្ថន័យនៃម៉ូតសម្លៀកបំពាក់បុរាណខ្មែរនេះ រួមមាន៖

១. ផ្នែកខាងលើមានរំលេចនូវរូបនាគព័ទ្ធជុំវិញ តំណាងឱ្យព្រះនាងនាគ ឬព្រះនាងសោមា ដែលជាបឋមក្សត្រនៃទឹកដីខ្មែរ និងជាម្ចាស់អាណាចក្រខ្មែរ ដែលមានអម្បូរពូជពង្សជានាគ។

២. ពណ៌ទឹកសមុទ្រ ឬពណ៌ខៀវខ្ចី តំណាងឱ្យមហាសាគរ ឬមហាសមុទ្រ ដែលជាផ្នែកមួយនៃដើមកំណើតទឹកដីខ្មែរ។

៣. សត្វដំរីមួយគូ តំណាងឱ្យអំណាច ភាពរឹងមាំ មហិច្ចតា និងសេចក្តីសុខក្សេមក្សាន្ត ហើយក៏ជាតំណាងធនធានសត្វព្រៃ និងធម្មជាតិនៅក្នុងដែនដីខ្មែរ និងជាពិសេសគឺតំណាលឱ្យការផ្សារភ្ជាប់នៃអម្បូរពូជពង្សខ្មែរ នាយុគសម័យអាណាចក្រភ្នំផងដែរ។

៤. ផ្នែកខាងក្រោម ត្រូវបានរចនាឡើងតាមលំនាំក្បាច់រចនាដ៏ផ្ជិតផ្ជង់ តាមលំនាំរូបទេពអប្សរ នាសម័យមហានគរ ដែលមានឆ្លាក់នៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត និងប្រាសាទនានា ដែលជាអត្តសញ្ញាណរបស់ខ្មែរ។ រូបទេពអប្សរ តំណាងស្ត្រីបរិសុទ្ធ និងជាស្រីសួគ៌ ហើយរចនាប័ទ្មនេះក៏ចង់បង្ហាញពីភាពរីកចម្រើនគ្រប់វិស័យនៃសិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និងភាពប៉ិនប្រសព្វ ការច្នៃប្រឌិតរចនារបស់ជនជាតិខ្មែរ នាសម័យមហានគរ។

៥. គ្រឿងអលង្ការលម្អបានច្នៃរចនាក្បាច់តាមសិល្បៈខ្មែរពិតៗ និងមានស្នៀតសក់រូបផ្ការំដួល តំណាងឱ្យបុប្ផាជាតិ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

មន្ត្រីទូតកម្ពុជាប្រចាំប្រទេសថៃរូបនេះ បានបន្តថា ក្នុងនាមជាអ្នកការទូតនៅក្រៅប្រទេស ក្រៅពីការងារពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសម្ចាស់ផ្ទះ និងការងារបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរដែលរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសម្ចាស់ផ្ទះនោះ ការចូលរួមចំណែកទោះតិច ឬច្រើន ក៏បានធ្វើឱ្យលោកស្រីមានមោទនភាពក្នុងនាមជាកូនខ្មែរ ក្នុងការលើកស្ទួយវប្បធម៌ជាតិ ជាពិសេសបង្ហាញទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ៕