(ភ្នំពេញ)៖ ​ដោយសារយុវជន​ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនម្នាក់ បានយកកាំបិតប៉័ងតោដេញកាប់ម្ដាយ របស់ខ្លួនមិនឲ្យចូលផ្ទះឡើយ សង្ស័យបែកថ្នាំហើយមើលទៅ ប៉ុន្តែជាលទ្ធផល​ត្រូវជាប់ខ្នោះ​របស់កម្លាំងនគរបាលខណ្ឌឫស្សីកែវ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ។

លោក គល់ យី បានបញ្ជាក់ថា ករណីអំពើហិង្សាក្នុងគ្រួសារ រវាងកូនទាញកាំបិតដេញកាប់ម្ដាយ មិនឲ្យចូលផ្ទះ «សង្ស័យគ្រឿងញៀនធ្វើទុក» រហូតមានកិច្ចអន្តរាគមន៍ភ្លាមៗ ពីកម្លាំងសមត្ថកិច្ចចុះមកបង្ក្រាបឃាត់ខ្លួន​ខាងលើនេះ បានបង្ក​ឲ្យមានការភ្ញាក់ផ្ញើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ នៅត្រង់ចំណុចផ្ទះលេខ៥២៩ ផ្លូវជាតិលេខ៥ ក្រុមទី១៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ នាវេលាម៉ោងជាង៩យប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។

លោកអធិការបន្តថា មុនឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាកូន​ឈ្មោះ មន្នី ច័ន្ទតារា ហៅញ៉ាញ់ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលជាមុខសញ្ញាចាស់ប្រើប្រាស់ថ្នាំញៀននេះដែរ គឺបានអនុត្តឡើងភ្លាមៗ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ និងស្ត្រីជាម្ដាយឈ្មោះ ជួប ចិន្តា អាយុ៤១ឆ្នាំ មានមុខរបរ ជាកម្មាការិនី ស្នាក់នៅចំណុចផ្ទះកើតហេតុខាងលើ ដោយក្នុងហេតុការណ៍នោះ ដកហូតបានកាំបិតប៉័ងតោមួយ ផ្លែកាំបិតផ្គាក់មួយ រួមជាមួយឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

សូមបញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលបានបង្ករអំពើហិង្សាក្នុងគ្រួសារ (ទាញកាំបិតដេញកាប់ម្ដាយរបស់ខ្លួនមិនឲ្យចូលផ្ទះ) បន្ទាប់ពីឃាត់ខ្លួន រួមជាមួយវត្ថុតាង ត្រូវបាននាំយកមកឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕