(ភ្នំពេញ)៖ បុរសម្នាក់​បង្ក​ហិង្សាដោយចេតនា ហើយរត់គេចខ្លួន​រយៈពេលជិត៣ឆ្នាំ​ ស្មានតែអាចរួចខ្លួនពីសំណាញ់ច្បាប់ មានអីដូចពាក្យចាស់​ពោលថា «មានតែកុកទេ ដែលភ្លេចជុង» ប៉ុន្តែ «ជុង ពុំដែលភ្លេចកុកឡើយ» ពេលដែលភ្លេចខ្លួនត្រឡប់មកវិញ កម្លាំងនគរបាលខណ្ឌឫស្សីកែវចាប់ខ្លួន ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមនិតីវិធី នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ។

បើតាមការបញ្ជាក់ឲ្យបានដឹងពី លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ នៅក្នុងការតាមស្រាវជ្រាវចាប់ខ្លួនបុរស ខាងលើនេះដែរ គឺបានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដោយអនុវត្តទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១០៨ ត.ព្រ ចុះថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៥ ក្នុងករណី «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤​ នៅត្រង់ចំណុចខាងមុខផ្ទះលេខ១៥១អឺ ផ្លូវជាតិលេខ៥ ក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទោះបីយ៉ាងណា ក្រោយពីបញ្ជារបស់លោក គល់ យី ឲ្យចាប់ខ្លួនជនសង្ស័យឈ្មោះ លី ឡាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ទៅតាមដីកាបង្គាប់​របស់តុលាការ ក្នុងករណីហិង្សាដោយចេតនា រហូតមកដល់ព្រឹកថ្ងៃទី៣ ខែធ្នូនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការតាមនីតិវិធី៕​